ភ្នំពេញ ៖ ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់ គ្លេសបានអះអាងជាថ្មីនូវការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់កិច្ចប្រជុំកំពូល ASEM13 ដែលនឹងរៀបចំដោយកម្ពុជា នៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចេញនៅយប់ថ្ងៃទី២៣ ខែមិថុនា។
ប្រភពដដែលបន្តថាតបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីជំរុញនិងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះឯកឧត្តម ដូមីនិក រ៉ាអាប់ បានជួបប្រជុំជាផ្លូវការជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្តមក៏បានអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ ។
នៅក្នុងជំនួបទ្វេភាគី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តម ដូមីនិក រ៉ាអាប់ អំពីបញ្ហានយោបាយ សន្តិសុខ និងការអភិវឌ្ឍសង្គមនាពេលថ្មីៗនៅក្នុងប្រទេសកម្ពុជា។ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់កម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការបោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសន្ទនាអំពីបញ្ហាពាណិជ្ជកម្ម។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានចែករំលែកនូវគោលបំណងរួមក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសំអាតមីន សុខាភិបាល និងបរិស្ថាន។ រដ្ឋមន្រ្ដីការបរទេសទាំងពីរបានឯកភាពលើភាពចាំបាច់ក្នុងការផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់វិនិយោគិនចក្រភពអង់គ្លេសច្រើនថែមទៀតឱ្យជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅវិនិយោគ ដោយគិតពិចារណាទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ និងការលើកទឹកចិត្តផ្សេងៗ។
ក្រៅពីនេះភាគីទាំងពីក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នាផងដែរ៕អត្ថបទ ៖ ឌីន

