ចាប់តាំងពីដើមខែមករា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤នេះ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅប្រទេសនានានៅក្នុងតំបន់អឺរ៉ុបបានចេញសារជាបន្តបន្ទាប់ ប្រកាសស្វាគមន៍ និងគាំទ្រដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលនឹងដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីសចាប់ពីថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
តាមរយៈវីដេអូខ្លីបប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅប្រទេសបារាំង, ហូឡង់, ចក្រភពអង់គ្លេស, ហុងគ្រី, បែលហ្ស៊ិក ជាដើម ស្ថិតនៅតំបន់អ៊ឺរ៉ុបបានលើកឡើងថា ពួកគេពិតជាមានភាពកក់ក្តៅ និងក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីឮដំណឹងថាសម្តេចធិបតីនាយករដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ប្រទេសបារាំង និងស្វីសនាពេលខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស។
ពលរដ្ឋ និងនិស្សិតខ្មែររំពឹងថាតាមរយៈដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចធិបតីទៅកាន់ប្រទេសបារាំង និងស្វីសនេះ នឹងទទួលបានផ្លែផ្កា និងផលប្រយោជន៍ជាច្រើនបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សូមជម្រាបថាតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចំនួនពីរថ្ងៃចាប់ពីថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២៤នេះខាងមុខនេះ។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនឹងអញ្ជើញបន្តដំណើរទៅកាន់ប្រទេសស្វីសដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤។
តាមរយៈដំណើរទស្សនកិច្ចនេះនឹងជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជា វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។ ដំណើរទស្សនកិច្ចនេះក៏នឹងបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលកំពុងប្រឈមមុខផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា
