អភិបាលតំបន់ខាគីវ ( Kharkiv) លោក អូឡេ ស៊ីនីហ៊ុបូវ (Oleh Syniehubov) បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃទី១០ ខែមករាថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទៅលើសណ្ឋាគារមួយ នៅ ទីក្រុងខាកូវ ( Kharkov) ភាគកណ្តាល ជាមួយនឹងមីស៊ីលចំនួនពីរគ្រាប់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ រងរបួស។

លោកបាននិយាយថា៖«អំពើភេរវកម្មមួយទៀតប្រឆាំងនឹងជនស៊ីវិល អ្នកកាន់កាប់ទាំងអស់ បានវាយប្រហារនៅជិតសណ្ឋាគារមួយ នៅកណ្តាលទីក្រុងខាកូវ ដោយមីស៊ីលចំនួនពីរគ្រាប់»។
មន្ត្រីនោះ បាននិយាយថា មនុស្ស១០នាក់ បានរងរបួស។ ជនរងគ្រោះម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ម្នាក់ស្ថិតក្នុងស្ថានភាពមធ្យម និងម្នាក់ទៀត រងរបួសស្រាល។

លោកស៊ីនីហ៊ុបូវ បានបន្ថែមថា៖«ក្នុងចំណោមអ្នករងរបួស មានអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយទួរ គីដែលស្នាក់នៅក្នុងសណ្ឋាគារនោះ»។
សេវាសង្គ្រោះបន្ទាន់ កំពុងដោះស្រាយក្រោយការវាយប្រហារនោះ។
យោងតាមប្រធានការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់ Kharkiv លោក Oleksandr Filchakov មីស៊ីលត្រូវបានបាញ់ចេញពីតំបន់បែលហ្គោរូដ (Belgorod)របស់រុស្ស៊ី។ មីស៊ីលមួយគ្រាប់ បានវាយប្រហារអគារសណ្ឋាគារ ខណៈមួយទៀត បានផ្ទុះនៅចម្ងាយប៉ុន្មានម៉ែត្រពីទីនោះ។
នៅពេលការវាយប្រហារនោះ បានកើតឡើង មានជនស៊ីវិលជាង ៣០នាក់នៅក្នុងអគារ រួមទាំងភ្ញៀវ២៣នាក់នៃសណ្ឋាគារនោះ។