តំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក នៅតែស្ថិតក្រោមការគំរាមកំហែងនៃអាកាសធាតុធ្ងន់ធ្ងរកាលពីថ្ងៃពុធ (១០ មករា) ខណៈដែលព្យុះរដូវរងាដ៏ខ្លាំងក្លាមួយបានបោកបក់ពាសពេញតំបន់នេះ ដែលធ្វើឲ្យមានការដាច់ចរន្តអគ្គិសនី ជើងហោះហើរត្រូវបានផ្អាក និងទីក្រុងជាច្រើនបានលិចលង់ដោយទឹកជំនន់។

សេវាអាកាសធាតុជាតិ (NWS) បាននិយាយថា មនុស្សជាង ៥០លាននាក់ ចាប់ពីភាគខាងកើតនៃរដ្ឋ អូហាយយ៉ូ (Ohio) កាត់តាមតំបន់ មីតអាត្លង់ទិច (Mid-Atlantic) និងទៅកាន់ភាគឦសាន កំពុងស្ថិតនៅក្រោមការណែនាំអំពីខ្យល់បក់ខ្លាំង និងទឹកជំនន់កាលពីថ្ងៃពុធ។

ទឹកជំនន់បានជន់លិចតាមដងផ្លូវ ហូរទៅដល់លំនៅឋាន និងអាជីវកម្មជាច្រើន ព្រមទាំងបណ្ដាលឲ្យរថយន្តលិចលង់ និងធ្វើឱ្យក្រុមមន្ត្រីនៅក្នុងទីក្រុងឆ្នេរដែលមានប្រជាជនចំនួន ២.៥០០នាក់ប្រកាសភាពអាសន្ន និងចេញបញ្ជាជម្លៀស។

គេហទំព័រតាមដានអគ្គិសនីអាមេរិក ផៅវើអោតថេក (Poweroutage) បានរាយការណ៍ថាលំនៅឋាន និងអាជីវកម្មប្រហែល ៣០០.០០០ទីទាំងចាប់ពីរដ្ឋ ណស ខារ៉ូឡាញណា (North Carolina) ដល់រដ្ឋម៉េន (Maine) បានដាច់ចរន្តអគ្គិសនីនៅរសៀលថ្ងៃពុធ។
យោងតាមគេហទំព័រតាមដានជើងហោះហើរ ហ្វ្លាយអឹវែរ (Flightaware) បានឲ្យដឹងថា ព្យុះនេះក៏បណ្តាលឱ្យជើងហោះហើរជាង ១.២០០ជើង ត្រូវបានពន្យារពេល ឬលុបចោលគិតត្រឹមរសៀលថ្ងៃពុធ រួមទាំងជើងហោះហើរជាង ២៧០ជើងខាងក្នុង និងក្រៅទីក្រុងឈីកាហ្គោ (Chicago) ផងដែរ៕