ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងអញ្ជើញជួបពិភាក្សាជាមួយក្រុមហ៊ុន AIAI ដើម្បីដោះស្រាយតម្លៃសេវាចេញ-ចូលអាកាសយានដ្ឋានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។

បន្ទាប់ពីមានប្រជាពលរដ្ឋបង្ហាញការត្អូញត្អែរនូវតម្លៃសេវាចេញ-ចូលអាកាសយានដ្ឋានយន្តហោះអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចដោះស្រាយតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត បានអញ្ជើញដឹកនាំក្រុមការងាររួមមាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិល ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អភិបាលរងខេត្តសៀមរាប និងបណ្ដាថ្នាក់ដឹកនាំក្រសួងស្ថាប័នដែលជាសមាជិកក្រុមការងារចំពោះកិច្ច និងដោយមានការទទួលស្វាគមន៍ពីលោកអគ្គនាយករងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ចុះពិនិត្យទីតាំងផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ជាធាតុចូលក្នុងការផ្តល់ដំណោះស្រាយសមស្របលើតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត ជូនបងប្អូនប្រជាពលរដ្ឋ។

យោងតាមស្មារតីនៃកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចកាលពីថ្មីៗនេះ បន្ទាប់ពីការចុះពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គររួចរាល់ ក្រុមការងារចំពោះកិច្ចនឹងជួបពិភាក្សាជាមួយក្រុមហ៊ុន AIAI ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្របរួមមួយ។

សូមជម្រាបថា កាលពីដើមខែមករានេះ មានប្រជាពលរដ្ឋប្រកបអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬជាអ្នកបើកបរដឹកអ្នកដំណើរទៅកាន់អាកាសយានដ្ឋានយន្តហោះអន្តរជាតិសៀមរាប-អង្គរ បង្ហោះអំពីការចំណាយ២ដងមុនការធ្វើដំណើរចូលដល់ទីតាំងអាកាសយានដ្ឋាន ដោយតម្រូវឲ្យមានការបង់ថ្លៃលើសេវាធ្វើដំណើរ និងថ្លៃចំណតផងដែរ៕ អត្ថបទ សេក ឧត្តម



