លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់ក្រុមមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុប ក្នុងពេលដែលលោកធ្វើជាប្រធានាធិបតីអាមេរិក ថាសហរដ្ឋអាមេរិកនឹងមិនជួយអឺរ៉ុបឡើយ ប្រសិនបើប្លុកនេះរងការវាយប្រហារ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប។

លោក ធើរី ប្រេតុន (Thierry Breton) ស្នងការបារាំងដែលទទួលខុសត្រូវលើទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុបបាននិយាយថា លោក ត្រាំ បានធ្វើការលើកឡើងបែបនេះទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺសុឡា វ៉ុនដឺ ឡេយ៉េន (Ursula von der Leyen) ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដេវ៉ូស (Davos) ក្នុងខែមករា ឆ្នាំ២០២០។

លោក ប្រេតុន បានរំលឹកឡើងវិញនូវការចងចាំរបស់ខ្លួនអំពីកិច្ចប្រជុំដែលលោកបានចូលរួមផងដែរនៅក្នុងកិច្ចពិភាក្សាជាក្រុមនៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ (០៩ មករា)។
ការអត្ថាធិប្បាយរបស់លោកប្រេតុន បានជំរុញឱ្យមានការរិះគន់យ៉ាងខ្លាំងលើលោក ត្រាំ កាលពីថ្ងៃពុធ (១០ មករា) ពីយុទ្ធនាការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) សម្រាប់ការបោះឆ្នោតឡើងវិញ។
នៅពេលត្រូវសាកសួរថាតើការរំលឹករបស់លោកស្រី អឺសុឡា វ៉ុនដឺ ឡេយ៉េន ចំពោះការលើកឡើងរបស់លោក ត្រាំ ត្រូវគ្នានឹងលោក ប្រេតុន និយាយដែរឬទេ អ្នកនាំពាក្យរបស់ប្រធានគណៈកម្មការអឺរ៉ុបបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ៕