មនុស្សជាច្រើនត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីកុបកម្ម និងភាពចលាចលដ៏ខ្លាំងខ្លា បានវាយប្រហាររដ្ឋធានី ព័រ ម៉ូរ៉េសប៊ី (Port Moresby) របស់ប្រទេសប៉ាពួ ញូហ្គីណេ Papua New Guinea។
ហាង និងរថយន្តជាច្រើនត្រូវបានដុតបំផ្លាញ ហើយផ្សារទំនើបជាច្រើនត្រូវបានគេចូលលួច ខណៈមនុស្សរាប់រយនាក់បានចេញតវ៉ាតាមដងផ្លូវនានា ក្រោយនគរបាល ចេញបានធ្វើកូដកម្មជុំវិញជម្លោះប្រាក់ខែ។

លោក ផូវ៉េស ផាកូប (Powes Parkop) អភិបាលខណ្ឌ របស់រដ្ឋធានីនេះ បានថ្លែងក្នុងការផ្សាយតាមវិទ្យុថា ការលួចយកទំនិញ ពីហាងនានា ត្រូវបានធ្វើឡើងដោយជនឆ្លៀតឱកាស។
រដ្ឋាភិបាលនេះ បានពង្រាយកងទ័ពដើម្បីព្យាយាមនិងស្ដារសណ្តាប់ធ្នាប់ឡើងវិញ។

យោងតាមរបាការណ៍ពីសារព័ត៌មាន Reuters លោក Parkop បាននិយាយនៅក្នុងសុន្ទរកថាតាមវិទ្យុមួយថា យើងបានឃើញកម្រិតនៃជម្លោះមិនធ្លាប់មាននៅក្នុងទីក្រុងរបស់យើង ជាអ្វីមួយដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃទីក្រុង និងប្រទេសរបស់យើង ។
លោកបានបន្ថែមថា មនុស្សមួយចំនួនបានបាត់បង់ជីវិតនៅថ្ងៃនេះ ទោះបីជាលោកពុំបានផ្តល់ចំនួនអ្នកស្លាប់ក៏ដោយ។
ភាពចលាចលនេះត្រូវបានបង្កឡើងបន្ទាប់ពីនគរបាល និងមន្ត្រីសាធារណៈផ្សេងទៀតបានធ្វើកូដកម្មតវ៉ានៅខាងក្រៅសភាកាលពីថ្ងៃពុធ បន្ទាប់ពីបានរកឃើញថាប្រាក់ខែរបស់ពួកគេត្រូវបានកាត់បន្ថយរហូតដល់ ៥០% ៕