មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអេក្វាឌ័រ បន្ទាប់ពីកងទ័ពត្រូវបានដាក់ពង្រាយដើម្បីស្ដារឡើងវិញច្បាប់និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ បន្ទាប់ពីរលកនៃអំពើហិង្សា។ កងកម្លាំងប្រដាប់អាវុធប្រទេសអេក្វាឌ័រ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធថា ក្រុមភេរវករ ចំនួន ៣២៩នាក់ ត្រូវបានចាប់ខ្លួន ហើយ៥នាក់ផ្សេងទៀតត្រូវបានសម្លាប់ជាផ្នែកមួយនៃប្រតិបត្តិការសន្តិសុខ។

អ្នកទោសនៅក្នុងប្រទេសអេក្វាឌ័រ កំពុងចាប់ឆ្មាំពន្ធនាគារជាង ១៣០នាក់ និងបុគ្គលិកផ្សេងទៀតធ្វើជាចំណាប់ថ្នូរនៅក្នុងពន្ធនាគារយ៉ាងហោចណាស់ចំនួន៥កន្លែង ។ ខ្មាន់កាំភ្លើង បានចូលគ្រប់គ្រងស្ថានីយទូរទស្សន៍ផ្សាយផ្ទាល់ ហើយការផ្ទុះជាច្រើនបានកើតឡើងនៅជុំវិញប្រទេសនេះកាលពីថ្ងៃអង្គារ ទី៩ ខែមករា ក្នុងរលកនៃអំពើហិង្សាថ្មីៗនៅក្នុងសប្តាហ៍នេះ។

ការចាប់ចំណាប់ថ្នូរ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែមករា បន្ទាប់ពីការរត់គេចខ្លួនរបស់មេក្រុមជនអន្ធពាលពីពន្ធនាគារកាលពីចុងសប្តាហ៍ ដែលបានជំរុញឱ្យប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦០ ថ្ងៃ។
លោក Noboa ដែលបានសន្យាថានឹងដោះស្រាយបញ្ហាសន្តិសុខកំពុងកើនឡើង បណ្តាលមកពីការកើនឡើងក្រុមជនអន្ធពាលគ្រឿងញៀនកំពុងដឹកជញ្ជូនកូកាអ៊ីនឆ្លងកាត់ប្រទេសអេក្វាឌ័រ កាលពីថ្ងៃពុធបាននិយាយថាប្រទេសនេះ «កំពុងមានសង្រ្គាម» មួយថ្ងៃបន្ទាប់ពីដាក់ឈ្មោះក្រុមជនអន្ធពាល ២២នាក់ ជាអង្គការភេរវកម្ម និងធ្វើឱ្យពួកគេក្លាយជាគោលដៅរបស់យោធាផ្លូវការ។ អ្នកជាប់ឃុំភាគច្រើន ជាសមាជិកនៃក្រុមជនអន្ធពាល។