អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ កាលពីសប្តាហ៍មុន ដែលបានវាយប្រហារតំបន់ Noto ក្នុងខេត្ត Ishikawa របស់ប្រទេសជប៉ុន និងតំបន់ជុំវិញនោះ បានកើនឡើងដល់ ២០៦នាក់ ដោយមនុស្ស ៦៨ នាក់នៅបាត់ខ្លួននៅឡើយ។

ទីភ្នាក់ងារសារព័ត៌មានជាតិក្យូដុ បានរាយការណ៍ថា រដ្ឋាភិបាលខេត្តកាលពីថ្ងៃពុធ បានបញ្ជាក់ពីការស្លាប់ទាក់ទងនឹងគ្រោះមហន្តរាយចំនួន៧នាក់បន្ថែមទៀត ៦នាក់នៅក្នុងទីក្រុង Suzu និងម្នាក់នៅក្នុងទីក្រុង Noto។ អាជ្ញាធរបាននិយាយថា ពួកគេពុំបានស្លាប់ដោយការរញ្ជួយដីផ្ទាល់នោះទេ ប៉ុន្តែបានស្លាប់ដោយសារតែការរងរបួស ឬជំងឺ ដែលបណ្តាលមកពីថប់អារម្មណ៍ផ្លូវចិត្តនិងផ្នែករាងកាយ បន្ទាប់ពីគ្រោះមហន្តរាយ។

អ្នកស្លាប់ចំនួន៩១នាក់ ត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Suzu, ៨១ នាក់នៅទីក្រុង Wajima, ២០នាក់នៅទីក្រុង Anamizu, ៥ នាក់នៅទីក្រុង Nanao, ៣នាក់នៅទីក្រុង Noto, ២នាក់នៅទីក្រុង Shika និងម្នាក់នៅក្នុងទីក្រុង Hakui ។

យោងតាមមន្ត្រីម្នាក់មកពីទីជម្រក ដែលមានទីតាំងនៅទីក្រុង Anamizu រងគ្រោះដោយរញ្ជួយដី បាននិយាយថា ការខ្វះទឹកនៅតែប៉ះពាល់ដល់ពលរដ្ឋដែលបានមកស្នាក់នៅក្នុងទីតាំងនោះ ដោយបុគ្គលិកនៅទីជម្រក កំពុងមានចំណាត់ការដើម្បីការពារការផ្ទុះឡើងជំងឺឆ្លង។
លោក Nakajima ជាអ្នកមកស្នាក់នៅក្នុងទីជម្រកបាននិយាយថា បុគ្គលិកពេទ្យ បាននិងកំពុងផ្តល់សេវាព្យាបាលដល់ជនភៀសខ្លួននៅកន្លែងស្នាក់នៅ ហើយគ្រូពេទ្យបឋមរបស់យើង កំពុងផ្តល់ថ្នាំដល់អ្នកដែលភៀសខ្លួនទាំងនេះ និងបានផ្តល់ដំបូន្មានសុខភាពដល់ពួកគេ ។