បាល់ទាត់៖ ខ្សែប្រយុទ្ធក្រុមជំរើសជាតិហូឡង់ Luuk de Jong អស់ឱកាសបង្ហាញខ្លួននៅ Euro ២០២០ នេះហើយបន្ទាប់ពីរងរបួសជង្គង់អំឡុងការហ្វឹកហាត់កាលពីថ្ងៃអង្គារ។

ខ្សែប្រយុទ្ធរបស់ក្លិប Sevilla រូបនេះបានត្រឹមជាកីឡាករបម្រុងផ្លាស់ប្តូរចូល ២ប្រកួតដំបូងរបស់ហូឡង់ និងអង្គុយកៅអីបម្រុងពេញ ១ប្រកួតពេលហូឡង់យកឈ្នះម៉ាសេដ្វាន់ខាងជើង ៣-០ កាលពីថ្ងៃចន្ទ។ មួយថ្ងៃក្រោយមកកីឡាករវ័យ ៣០ឆ្នាំរូបនេះបានរងរបួស អំឡុងការហ្វឹកហាត់ប៉ះជាមួយកីឡាកររបស់ PSV, Cody Gakpo ដែលធ្វើអោយអតីតខ្សែប្រយុទ្ធកំពូលរបស់ PSV រូបនេះមានរបួសជង្គង់ និងក្រោយមកក្រុមពេទ្យអោយដឹងថា របួសនេះធ្វើអោយ De Jong មិនអាចប្រកួតបានទៀតឡើយនៅ Euro ២០២០ នេះ។
Luuk de Jong បានក្លាយជាកីឡាករទី២ របស់ក្រុមហូឡង់នៅ Euro ដែលមានរបួសបន្ទាប់ពីខ្សែបម្រើ Donny van der Beek មានន័យថា ក្រុមរបស់លោក Frank de Boer នៅសល់កីឡាករត្រឹម ២៤នាក់សំរាប់វគ្គបន្ត។ រំលឹកថា Luuk de Jong ធ្លាប់បង្ហាញខ្លួនសរុបអោយក្រុមហូឡង់ ៣៨លើករកបាន ៨គ្រាប់៕
អត្ថបទ៖នាង សុភាវុធ