ប្រទេសអ៊ីស្រាអែល បានត្រៀមការពារខ្លួននៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករានេះ នៅតុលាការកំពូលអង្គការសហប្រជាជាតិ ប្រឆាំងការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ខណៈនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបដិសេធជាសាធារណៈលើកដំបូង នូវការអំពាវនាវរបស់រដ្ឋមន្ត្រីស្តាំនិយមមួយចំនួន ឲ្យកាន់កាប់តំបន់ហ៊ុមព័ទ្ធនេះជាអចិន្ត្រៃយ៍។
ខណៈសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាបន្តផ្ទុះឡើង តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក បើកសវនាការនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នេះ ក្នុងសំណុំរឿងដែលប្តឹងដោយប្រទេសអាហ្វ្រិកខាងត្បូងកាលពីខែធ្នូ ដោយអះអាងថាសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅហ្កាហ្សា បានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy បាននិយាយកាលពីថ្ងៃពុធថា «នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋអ៊ីស្រាអែលនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបំបាត់ការផ្សព្វផ្សាយពីការបង្ហូរឈាមមិនសមហេតុផលរបស់ប្រទេសអាហ្រ្វិកខាងត្បូង ខណៈទីក្រុង ព្រីតូរីយ៉ា(Pretoria) ផ្តល់ការគ្របដណ្តប់ផ្នែកនយោបាយ និងផ្លូវច្បាប់ ដល់របបឧក្រិដ្ឋជនហាម៉ាស។
សវនាការ នឹងដោះស្រាយទាំងស្រុងចំពោះសំណើរបស់ប្រទេសអាហ្រ្វិកខាងត្បូង សម្រាប់វិធានការបន្ទាន់ ដែលបង្គាប់ឱ្យអ៊ីស្រាអែល ផ្អាកសកម្មភាពយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ខណៈតុលាការបានស្តាប់ពីអង្គសេចក្តីនៃសំណុំរឿង ជាដំណើរការមួយដែលអាចចំណាយពេលច្រើនឆ្នាំ។ ប្រទេសកូឡុំប៊ី និងប្រេស៊ីល បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសអាហ្វ្រិកខាងត្បូងកាលពីល្ងាចថ្ងៃពុធ។
នៅមុនថ្ងៃសវនាការ លោក Netanyahu បាននិយាយលើកដំបូងជាសាធារណៈនូវការប្រឆាំងចំពោះការអំពាវនាវពីសមាជិកស្តាំនិយមរបស់រដ្ឋាភិបាលលោក រួមមានទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Bezalel Smotrich និងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir ដើម្បីឱ្យពលរដ្ឋប៉ាឡេស្ទីន ចាកចេញពីតំបន់ហ្កាហ្សាដោយស្ម័គ្រចិត្ត ដោយបើកផ្លូវសម្រាប់ប្រជាជនអ៊ីស្រាអែលទៅតាំងទីលំនៅនៅទីនោះ។