អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ខ្លួន បានធ្លាក់នៅក្នុងប្រទេសសូម៉ាលី ហើយអ្នកដំណើរមួយចំនួន តាមការរាយការណ៍ថា ត្រូវបានក្រុមសកម្មប្រយុទ្ធ Al-Shabaab ចាប់ធ្វើជាចំណាប់ថ្នូរ។

យោងតាមកំណត់ហេតុផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិដែលឃើញដោយសារព័ត៌មាន AFP បានឲ្យដឹងថាឧទ្ធម្ភាគចក្រនេះ បានដឹកអ្នកដំណើរ និងបុគ្គលិកយានិកចំនួន៩នាក់ នៅពេលដែលបានធ្លាក់ នៅចម្ងាយប្រហែល ៧០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងឌូសាម៉ារ៉េប( Dhusamareb) រដ្ឋធានីនៃរដ្ឋ ហ្គាល់មូឌុង(Galmudug) ភាគកណ្តាល។

កំណត់ហេតុនិយាយថា ឧបទ្ទវហេតុ បានកើតឡើងនៅក្នុងដែនដីដែលត្រូវបានគេជឿថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម Al-Shabaab ហើយអ្នកដំណើរ ៦ នាក់ ត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ជាចំណាប់ថ្នូរដោយក្រុមសកម្មប្រយុទ្ធ ទោះបីជាវាពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យក៏ដោយ។ អ្នកដំណើរម្នាក់បានស្លាប់ក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈពីរនាក់ទៀត បានរត់ទៅកន្លែងដែលមិនត្រូវបានដឹង។
កំណត់ហេតុនិយាយថា បុគ្គលិកទាំងនោះគឺជាអ្នកចុះកិច្ចសន្យាភាគីទីបី និងពុំមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិនោះទេ ហើយមានជនជាតិសូម៉ាលីម្នាក់ជាប់ពាក់ព័ន្ធ។ សញ្ជាតិរបស់អ្នកផ្សេងទៀតនៅលើយន្តហោះមិនត្រូវបានបញ្ជាក់នៅឡើយ ហើយជើងហោះហើររបស់អង្គការសហប្រជាជាតិទាំងអស់ ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅក្នុងតំបន់ជុំវិញនេះរហូតដល់មានការជូនដំណឹងបន្ថែម។
ក្រុមសកម្មប្រយុទ្ធ Al-Shabaab ដែលមានទំនាក់ទំនងជាមួយក្រុម អាល់កៃដា (al Qaeda) បាននិងកំពុងបះបោរប្រឆាំងរដ្ឋាភិបាលប្រទេសសូម៉ាលី ចាប់តាំងពីឆ្នាំ ២០០៦មក ក្នុងគោលបំណងដើម្បីបង្កើតការគ្រប់គ្រងរបស់ខ្លួនដោយផ្អែកលើការបកស្រាយដ៏តឹងរឹងនៃច្បាប់អ៊ីស្លាម Sharia ។