ព្រះវិហារ៖ ដើម្បីអបអរសាទរខួបអនុស្សារីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករា(១៩៧៩-២០២៤) បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ អាជ្ញាធរខេត្តព្រះវិហារ ចូលរួមដោយស្ម័គ្របរិច្ចាគឈាម ក្រោមវត្តមានឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តមអភិបាល រងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង៣ ព្រមទាំងសហភាពសហព័ន្ធ យុវជនកម្ពុជាផងដែល ។
នាឱកាសនោះឯកឧត្ដម គីម រិទ្ធី បានសម្តែងនូវការ រីករាយសប្បាយចិត្តនឹងថ្លែងអំណរ គុណចំពោះ វត្តមានរបស់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលនេះគឺជា ផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។
ឯកឧត្តមក៏បានបន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភព ឈាម តែមួយគត់ដែលអាច ផ្តល់ឈាមប្រកបដោយ ចីរភាព ដើម្បីផ្គត់ផ្គង់ដល់ មន្ទីរពេទ្យ ខេត្តព្រះវិហារយើង ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅដែល បណ្តាលមកពីកត្តាផ្សេងៗ ជាច្រើន ដែលពួកគាត់មានតម្រូវការឈាម ។
ឯកឧត្តមក៏បានលើកឡើងអំពីអត្ថប្រយោជន៍របស់បងប្អូនដែលជាអ្នកបរិច្ចាគឈាម ផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺ ផ្សេងៗ ជាច្រើនទៀត ហើយក៏ទទួល បាននូវការសរសើរ និងមានឈ្មោះថាជាអ្នក ជួយសង្គ្រោះជីវិត មនុស្សជា ពិសេស ទៅទៀតនោះគឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុម គ្រួសារខ្លួនត្រូវការឈាមបន្ទាន់ ។
សូមបញ្ជាក់ថា មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៩៣នាក់ អ្នកមិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ៣០នាក់ ឈាមដែលបូមបាន ចំនួន ៦៣នាក់ ក្រុមឈាម O+ ២៤សាក់, AB+ ៣សាក់, A+ ១២សាក់, B+ ២៤សាក់៕











