ក្រោយពីមានភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរអន្តរជាតិ បានធ្វើការចោទប្រកាន់ និងខ្លះបានត្អូញត្អែរអំពីភាពអសកម្មភាពរបស់មន្ត្រីផ្តល់សេវាប្រចាំការមួយចំនួនបំរើការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ SAI នៅពេលនេះ ក្រសួងទេសចរណ៍ បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាភាពអសកម្មភាពជូនភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរឆ្លងការព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាប។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែមករានេះថា កន្លងមកក្រសួងទេសចរណ៍ទទួលការផ្តល់យោបល់ជាច្រើនពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចំណតអាកាសយានដ្ឋានអន្តរជាតិនៅខេត្តសៀមរាប និងច្រកទ្វារអន្តរជាតិនានាទៀត ដែលមានខ្លះផ្តល់យោបល់ល្អសរសើរព្រលានថ្មី និងខ្លះផ្តល់យោបល់ត្អូញតែ្អរ ដែលបញ្ហានេះក្រសួងទេសចរណ៍បានធ្វើការតាមដាន និងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ធ្វើការដោះស្រាយអំពីភាពត្អូញត្អែរ ភាពអសកម្មការផ្តល់សេវាមិនសេវារបស់បុគ្គលិក និងមន្ត្រីមួយចំនួនតូចធ្វើឲ្យប៉ះពាលកិត្តិយសជាតិ។

ឯកឧត្តម តុប សុភ័ក បានអំពាវនាវទៅដល់បណ្តាបុគ្គលិក មន្ត្រីប្រចាំការគ្រប់ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់សូមពង្រឹងការងារបដិសណ្ឋារកិច្ចល្អ ផ្តល់ភាពកក់ក្តៅជូនទេសចរអន្តរជាតិ អនុវត្តការងារផ្តល់សេវាការងារជូនអ្នកដំណើរទៅតាមគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល និងសូមកុំធ្វើទង្វើមិនល្អ ដែលផ្តល់អនុស្សាវរីយ៍មិនល្អទៅលើភ្ញៀវទេសចរអន្តរជាតិ ដែលប៉ះពាល់មុខមាត់ និងសក្តានុពលទេសចរណ៍កម្ពុជា។

ឯកឧត្តមថ្លែងថា នៅក្នុងអំឡុងពេលរាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនា កំពុងខំប្រឹងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ការទីផ្សារទេសចរណ៍ពិភពលោក ដើម្បីទាក់ទាញទេសចរអន្តរជាតិមកទស្សនាឲ្យមានកំណើនល្អប្រសើរឡើងវិញនេះ សំគាល់ឃើញថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិមកទស្សនាបានជាង៥លាន៤៥ម៉ឺននាក់ ក្នុងអត្រាកើនឡើងប្រមាណ១៣៩.៥% ធៀបនឹងឆ្នាំ២០២២ ហើយបើប្រៀបធៀបស្ថានភាពទេសចរណ៍មុនវិបត្តិកូវីដ១៩ គឺទេសចរណ៍នៅកម្ពុជាយើង ងើបឡើងវិញបាន៨២% នៃចំនួនទេសចរអន្តរជាតិសរុបនៅឆ្នាំ២០១៩៕ អត្ថបទ៖ ស៊ុម សុខជា