ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរចំពោះមន្ត្រីរាជការរដ្ឋបាលរាជធានី កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ ដែលការកោតសរសើរនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះសមត្ថកិច្ចពាក់ព័ន្ធបានខិតខំបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានប្រមាណ ៩៧% នៃបទល្មើសដែលបានកើតឡើងក្នុងខែធ្នូ។ បានបង្ក្រាបក្មេងទំនើង និងបទល្មើសគ្រឿងញៀនបានជាច្រើនករណី។
ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣នេះបទល្មើសព្រហ្មទណ្ឌមានការថយចុះ ៣២លើក បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៨៦,៤៤% ដោយរក្សាបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងអនុវត្តបានយ៉ាងជោគជ័យនូវរាល់ព្រឹត្តិការណ៍ធំៗ ដែលធ្វើឱ្យរាជធានីភ្នំពេញទទួលបាននូវការកោតស្ញប់ស្ញែងទាំងជាតិ និងអន្តរជាតិ។

ឯកឧត្តម ម៉ប់ សារិន ក៏បានកោតសរសើរមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលបានខិតខំពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្រីក្រតាមរយៈគម្រោងមូលនិធិសមធម៌បានចំនួន ៤៧៨១នាក់ និងតាមរយៈគម្រោងបេឡាជាតិរបបសន្តិសុខសង្គមបានចំនួន ៧០៥៤១នាក់ ឆ្លើយតបកម្មវិធីទី១ នៃកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ឆ្នាំថ្មី២០២៤នេះ មន្ត្រីរដ្ឋបាលរាជធានីត្រូវតែបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ពិសេសគឺដាច់ខាតមិនឱ្យមានការយកតម្លៃក្រៅសេវាដែលបានកំណត់ឡើយ។ ចំពោះការសំណូមពរពីក្រុមប្រឹក្សារាជធានីភ្នំពេញ លើការកាត់បន្ថយឯកសារមួយចំនួនពាក់ព័ន្ធការផ្តល់សេវាដីធ្លី អភិបាលរាជធានីនឹងធ្វើការស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការងារសន្តិសុខ សណ្តាប់ អាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បេ្តជ្ញាចិត្តអនុវត្តឱ្យបានល្អបំផុតទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ អត្ថបទ ៖ប្រាក់ វ៉ាន់ដា





