ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយ កាលពីថ្ងៃពុធថា ចំនួនពលរដ្ឋប៉ាឡេស្ទីន ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ស្ទ្រីប បានកើនឡើង ដល់២៣.៣៥៧ នាក់ ខណៈមនុស្សចំនួន៥៩.៤១០នាក់ បានរងរបួស ចាប់តាំងពីផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលា ។

ក្រសួងនេះ បាននិយាយថា មនុស្ស១,៩លាននាក់ នៃចំនួនប្រជាជនសរុប២,៣លាននាក់ ត្រូវបានភៀសខ្លួន ខណៈភូមិឋានទាំងមូលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

ប្រភពដដែលនិយាយថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់១៤៧នាក់ និង២៤៣នាក់ផ្សេងទៀត បានរងរបួសក្នុងប្រតិបត្តិការយោធា របស់អ៊ីស្រាអែល ទូទាំងតំបន់ហ្កាហ្សា ស្ទ្រីបក្នុងពេល២៤ម៉ោង កន្លងទៅ។

ការិយាល័យព័ត៌មានរបស់ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មនុស្សជាង៤០បានស្លាប់ ឬ របួស កាលពីថ្ងៃពុធ តែមួយថ្ងៃប៉ុណ្ណោះក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដាក់គោលដៅលើផ្ទះមួយកន្លែង ជិតមន្ទីរពេទ្យ អាល់ អាកសា ម៉ាធ័រស៍ (Al-Aqsa Martyrs) ក្នុងទីក្រុង ឌៀ អេល បាឡា(Deir el-Balah) ភាគកណ្ដាលតំបន់ហ្កាហ្សា ។
សេចក្ដីថ្លែងការណ៍នេះ បានបន្ថែមថា អ្នកសារព័ត៌មានម្នាក់ឈ្មោះ អាម៉េដ បាឌ័រ (Ahmed Badir)បានស្លាប់ក្នុងការវាយប្រហារនេះ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយបញ្ឈប់សង្រ្គាមរបស់កងទ័ពអ៊ីស្រាអែល ប្រឆាំងនឹងជនស៊ីវិល រួមទាំងកុមារ និងស្រ្តី៕