ទីប្រឹក្សាជាន់ខ្ពស់សេតវិមានលោក Amos Hochstein ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីក្រុង បេរូត (Beirut) នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់។

ទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភថា សង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អាចរីករាលដាលនូវអំពើហិង្សាពាសពេញតំបន់ ដោយក្រុមប្រដាប់អាវុធដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ដែលជាគូប្រជែងរបស់អ៊ីស្រាអែល បានបើកការវាយប្រហារសាមគ្គី នៅក្នុងប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងប្រទេសយេម៉ែន។

ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា( Hezbollah) បាននិងកំពុងវាយប្រហារជាមួយយោធាអ៊ីស្រាអែលឆ្លងកាត់ព្រំដែននៃប្រទេសលីបង់ភាគខាងត្បូង ចាប់តាំងពីក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស (Hamas) បានវាយប្រហារលើអ៊ីស្រាអែលពីតំបន់ហ្កាហ្សា កាលពីបីខែមុន ដោយជំរុញឲ្យមានការវាយលុកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីននេះ។

អំពើហិង្សាកាន់តែធំនៅតាមព្រំដែន បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ទាំងសងខាង ត្រូវភៀសខ្លួន និងបង្កើនការភ័យខ្លាចថា ជម្លោះនៅតំបន់ហ្កាហ្សាអាចរាលដាលក្នុងតំបន់នេះទាំងមូល។
នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ លោក ណាជីប មីកាទី (Najib Mikati) បានប្រាប់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីស្ថិរភាពរយៈពេលវែងនៅព្រំដែនភាគខាងត្បូងរបស់ខ្លួនជាមួយប្រទេសអ៊ីស្រាអែល។
លោក Hochstein ដែលជាបេសកជនថាមពលរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានបង្ហាញពីលទ្ធភាពនៃកិច្ចពិភាក្សាស្តីពីការគូសព្រំដែនដីរវាងអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីបានសម្រុះសម្រួលកិច្ចព្រមព្រៀងឆ្នាំ ២០២២កំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។