ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍ថា ក្បួនរថយន្តដឹកប្រេងចំនួន ៥០គ្រឿង ដែលផ្ទុកដោយប្រេងខុសច្បាប់ ពីតំបន់អណ្តូងប្រេងនៅភាគឦសានប្រទេសស៊ីរី បានចេញដំណើរឆ្លងកាត់ដោយគ្មានការអនុញ្ញាត ឆ្ពោះទៅកាន់ទឹកដីប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធ។

សារព័ត៌មាន SANA បាននិយាយថា កងកម្លាំងកាន់កាប់របស់សហរដ្ឋអាមេរិក បានលួចយករថយន្តដឹកប្រេងជាច្រើនគ្រឿងដែលដាក់បំពេញពីតំបន់អណ្តូងប្រេងស៊ីរី ក្នុងខេត្ត Hasakah ភាគឦសាន ដោយប្រើប្រាស់ច្រកឆ្លងកាត់ Al-Mahmudiyah ដែលគ្មានការអនុញ្ញាត ដើម្បីដឹកជញ្ជូនធនធានដែលរឹបអូសបានត្រឡប់ទៅកាន់មូលដ្ឋាននានារបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់។
របាយការណ៍និយាយថា ក្នុងពេលដំណាលគ្នានោះ កងកម្លាំងសហរដ្ឋអាមេរិក បានលួចយករថយន្តផ្សេងទៀត ដែលរថយន្តទាំងអស់នេះឆ្លងកាត់ច្រក al-Walid គ្មានការអនុញ្ញាត នៅភាគឦសានរបស់ប្រទេស ហើយបានធ្វើដំណើរទៅកាន់ទឹកដីប្រទេសអ៊ីរ៉ាក់។

រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិកដដែលៗថា បាន «លួចយកធនធានរបស់ប្រទេសស៊ីរី» ជាទង្វើដែលធ្វើឲ្យកាន់តែធ្លាក់យ៉ាប់យ៉ឺនបន្ថែមទៀតនូវការលំបាកផ្នែកសេដ្ឋកិច្ច ដែលប្រទេសហែកហួរដោយសង្រ្គាមមួយនេះកំពុងប្រឈមមុខ។
រដ្ឋមន្ត្រីទទួលបន្ទុកប្រេងប្រទេសស៊ីរី លោក Firas Hassan Kaddour បាននិយាយកាលពីខែកក្កដាកន្លងទៅនេះថា វត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ បាននាំឱ្យមានការខាតបង់សេដ្ឋកិច្ចប្រហែល ១០០ ពាន់លានដុល្លារនៅក្នុងវិស័យថាមពលរបស់ខ្លួន។