ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងកិច្ចការនារី សហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ខិតខំបន្តទប់ស្កាត់រាល់អំពើហិង្សាដល់ស្រ្តី និងកុមារឲ្យបានសកម្មបន្ថែមទៀត បើ ទោះបច្ចុប្បន្នបញ្ហាហិង្សាដល់ស្រ្តីមានការធ្លាក់ចុះក្តី។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ត្រូវតែខិតខំយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការទប់ស្កាត់ហិង្សាដល់ស្រ្តី និងកុមារ មិនថារូបភាពណាក៏ដោយ ត្រូវតែលុបបំបាត់ឲ្យអស់ចំពោះករណីនេះ ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារីនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងកិច្ចការនារី ក្រសួងពាក់ព័ន្ធ ទាំងអស់ត្រូវបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងក្រុមគ្រួសារ តាមរយៈការ ពង្រឹងតួនាទីគណៈកម្មាធិការជាតិលើកកម្ពស់ស្រ្តី និងកុមារ ចាត់វិធានការទប់ស្កាត់ និងបន្ថយហានិភ័យ ដែលប៉ះពាល់ដល់សមត្ថភាពសេចក្តីថ្លៃថ្នូរបស់ស្រ្តី និងកុមារផងដែរ៕ អត្ថបទ ៖ បាន ចក់





