
អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា គ្រូពេទ្យបឋម៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរថយន្តសង្គ្រោះ នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃពុធ។
អង្គការនេះ បានសរសេរនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនជា Twitterថា ពួកគេត្រូវបានគេវាយប្រហារ ខណៈពេលដឹកអ្នករបួសនៅជំរំ Deir al-Balah នៅផ្នែកកណ្តាលនៃតំបន់ឆ្នេរសមុទ្រនេះ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា មនុស្សសរុបចំនួន ១៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើអគារលំនៅដ្ឋានមួយនៅជាប់នឹងមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Dair al-Balah រួមទាំងគ្រូពេទ្យបឋមចំនួន៤ នាក់ផងដែរ។
ការិយាល័យសិទ្ធិមនុស្សនេះ បានចោទប្រកាន់អ៊ីស្រាអែលពីបទបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយជំរុញឲ្យអ្នកស្រុកនៃផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សាស្ទ្រីបភៀសខ្លួនទៅកាន់ជំរំ Deir al-Balah ខណៈដែលការវាយប្រហារតាមអាកាសលើទីក្រុងនៅតែបន្ត។ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ជនជាតិប៉ាឡេស្ទីនជាង៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារចំនួន ៤លើក នៅក្នុងទីក្រុងនេះ។
ការវាយប្រហាររបស់អ៊ីស្រាអែល បានរឹតបន្តឹងការងារយ៉ាងធ្ងន់ធ្ងរនៅមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Dair al-Balah ដែលជាមន្ទីរពេទ្យដំណើរការតែមួយគត់ នៅផ្នែកកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប។
ជនភៀសខ្លួនខាងក្នុងរាប់ពាន់នាក់ បានស្វែងរកការជ្រកកោននៅក្នុងមន្ទីរពេទ្យ។ អ៊ីស្រាអែលចោទក្រុម ហាម៉ាសថា បានប្រើប្រាស់មន្ទីរពេទ្យ និងរថយន្តសង្គ្រោះខុស ក្នុងគោលបំណងភេរវនិយម។ ហាម៉ាសបដិសេធការចោទប្រកាន់នេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធថា លោកគាំទ្រ «វិធានការជាក់ស្តែង» ឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន ប៉ុន្តែការរំពឹងទុកសម្រាប់កិច្ចចរចាសន្តិភាពហាក់បីដូចជាអាក្រក់ នៅពេលដែលសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា កំពុងបន្ត។