
រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ កំពុងធ្វើការឆ្ពោះទៅរកការអនុម័ត ចំពោះច្បាប់ថ្មី ដែលហាមប្រាមប្រើប្រាស់កញ្ឆាបែបកម្សាន្ត ដែលជាវិធានការបញ្ច្រាស់ដ៏ធំរយៈពេល ១៨ខែ បន្ទាប់ពីប្រទេសនេះបានក្លាយជាប្រទេសដំបូងគេនៅអាស៊ី ក្នុងការលុបចោលទោសព្រហ្មទណ្ឌលើរុក្ខជាតិប្រភេទនេះ។
ភាពធូររលុងក្នុងច្បាប់នេះបានមើលឃើញថា ឧស្សាហកម្មកញ្ឆាដ៏កាក់កបនេះ ដែលកំពុងផ្ដល់ការប្រើប្រាស់ទាំងប្រជាជនក្នុងស្រុក និងជនបរទេស កើតឡើងព្រោងព្រាតនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ ប៉ុន្តែរដ្ឋាភិបាលចម្រុះអភិរក្សថ្មី ដែលបានឡើងកាន់អំណាចកាលពីចុងឆ្នាំមុន ប្តេជ្ញាថា នឹងបង្កើតច្បាប់ឲ្យតឹងរ៉ឹង និងអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់តែវេជ្ជសាស្រ្តប៉ុណ្ណោះ។
សេចក្តីស្នើច្បាប់មួយត្រូវបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី៩ ខែមករា) ដោយក្រសួងសុខាភិបាលរបស់ប្រទេសថៃដែលបង្ហាញពីការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ឬការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១ឆ្នាំសម្រាប់ជនល្មើស ឬក៏ទាំងពីរយ៉ាង។
ការជក់កញ្ឆានៅទីសាធារណៈ នៅតែខុសច្បាប់ ទោះបីជាស្ថិតក្រោមច្បាប់បន្ធូរបន្ថយក៏ដោយ ប៉ុន្តែច្បាប់ថ្មីដែលបានស្នើឡើង នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងយុទ្ធនាការទីផ្សារ សម្រាប់គ្រាប់ និងសារធាតុចម្រាញ់ពីកញ្ឆា ព្រមផលិតផលកញ្ឆាផ្សេងទៀត។
ថៃបានក្លាយជាប្រទេសដំបូងគេ ក្នុងទ្វីបអាស៊ីដែលលុបចោលទោសព្រហ្មទណ្ឌទាំងស្រុង នៅក្នុងខែមិថុនា ឆ្នាំ២០២២ ដោយនេះជារយៈពេលជាច្រើនឆ្នាំនៃការសម្រេចដ៏កម្រ នៅក្នុងតំបន់ដែលប្រទេសជាច្រើនអនុវត្តទោសដាក់ពន្ធនាគាររយៈពេលវែង និងសូម្បីតែត្រូវប្រហារជីវិត ចំពោះអ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ប្រើប្រាស់ ឬជួញដូរកញ្ឆា៕