
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ (ទី១០ ខែមករា) បានឲ្យដឹងថា ប្រទេសអាហ្សង់ទីន និង IMF បានបញ្ចប់សព្វគ្រប់នូវសេចក្តីលម្អិតនានានៃកិច្ចព្រមព្រៀងលើកម្មវិធីប្រាក់កម្ចីចំនួន ៤៤ពាន់លានដុល្លាររបស់ប្រទេសនេះ ដោយកិច្ចព្រមព្រៀងនេះបានបើកផ្លូវ សម្រាប់មូលនិធិ ៤,៧ពាន់លានដុល្លារដែលវាច្រើនលើសពីការរំពឹងទុក។
IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការយោគយល់ត្រូវបានឈានដល់លើសំណុំនៃគោលនយោបាយដែលត្រូវបានពង្រឹង ដើម្បីស្តារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធ្វើឲ្យកម្មវិធីបច្ចុប្បន្នត្រឡប់ទៅកាន់ផ្លូវត្រូវវិញ»។
អាហ្សង់ទីនដែលកំពុងប្រយុទ្ធនឹងអតិផរណាប្រចាំឆ្នាំដែលកំពុងឆ្ពោះទៅដល់កម្រិត ២០០ភាគរយ និងទុនបម្រុងរូបិយប័ណ្ណបរទេសសុទ្ធ ចាំបាច់ត្រូវកែប្រែកិច្ចព្រមព្រៀង IMF ដ៏ធំរបស់ខ្លួនឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលមុនបានខកខានមិនអាចសម្រេចគោលដៅសេដ្ឋកិច្ចជាច្រើន ដែលភ្ជាប់ទៅនឹងកម្មវិធីនេះ។
រដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីសេរីនិយម លោក Javier Milei បានជាប់គាំងក្នុងកិច្ចពិភាក្សាជាមួយមន្ត្រី IMF នៅទីក្រុង Buenos Aires (ប៊ុយណូស៊ែ) តាំងពីចុងសប្តាហ៍មុន ក្នុងគោលបំណងបើកផ្លូវឲ្យមានការពិនិត្យឡើងវិញលើកទី៧ នៃកម្មវិធីនេះ និងមូលនិធិថ្មីសម្រាប់ការសងបំណុល។
ស្ថាប័នផ្តល់ប្រាក់កម្ចីមួយនេះ បាននិយាយថា កិច្ចព្រមព្រៀងដែលបានប្រកាស កាលពីថ្ងៃពុធនោះ នឹងត្រូវបានយកទៅពិភាក្សាដើម្បីទទួលបានការអនុម័តពីក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF «នៅសប្តាហ៍ខាងមុខនេះ»៕