
អតីតអភិបាលរដ្ឋ New Jersey លោក Chris Christie បានបញ្ឈប់ការប៉ុនប៉ងរបស់លោក ដើម្បីទទួលបានការតែងតាំងតំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ កាលពីថ្ងៃពុធ (ទី១០ ខែមករា) បន្ទាប់ពីមិនអាចទទួលបានសន្ទុះគាំទ្រ ក្នុងយុទ្ធនាការដែលផ្តោតលើការរិះគន់យ៉ាងខ្លាំងក្លាលើគោលនយោបាយ និងចរិតលក្ខណៈរបស់បេក្ខជនឈានមុខ លោក Donald Trump។
លោក Christie បានដកខ្លួនចេញ ត្រឹមតែប៉ុន្មានថ្ងៃមុនការប្រជែងជ្រើសរើសបេក្ខជនពីគណបក្សសាធារណរដ្ឋលើកដំបូងនៅរដ្ឋ Iowa។ លោកទទួលបានការគាំទ្រត្រឹមតែ ២ភាគរយពីគណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិទូទាំងប្រទេសរបស់សារព័ត៌មាន Reuters/Ipsos បានបញ្ចប់កាលពីថ្ងៃអង្គារ (ទី៩ ខែមករា) ដែលជាកម្រិតនៃការគាំទ្រដូចគ្នានឹងអតីតតំណាងរាស្ត្រលោកស្រី Liz Cheney ដែលមិនដែលប្រកាសខ្លួនជាបេក្ខជនប្រកួតប្រជែងនោះឡើយ។
យោងតាមការស្ទង់មតិរបស់ Reuters/Ipsos បានឲ្យដឹងថា លោក Trump នាំមុខគេយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងដើម្បីក្លាយជាបេក្ខភាពរបស់គណបក្ស ក្នុងការទៅតទល់នឹងប្រធានាធិបតីលោក Joe Biden ក្នុងការបោះឆ្នោតខែវិច្ឆិកា។ ការស្ទង់មតិបានបង្ហាញថា លោកមាន ៤៩ភាគរយនាំមុខអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ១២ភាគរយ និងអភិបាលរដ្ឋ Florida លោក Ron DeSantis ១១ភាគរយ។
នៅឯព្រឹត្តិការណ៍សាលាក្រុងក្នុងរដ្ឋ New Hampshire លោក Christie វ័យ ៦១ឆ្នាំ បានប្រាប់ថាលោកមើលលែងឃើញផ្លូវឆ្ពោះទៅមុខ សម្រាប់យុទ្ធនាការរបស់លោកទៀតហើយ តែបានព្រមានម្តងហើយម្តងទៀតអំពីអ្វីដែលនឹងកើតឡើង ប្រសិនបើលោក Trump ឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតី៕