
ប្រទេសអាល្លឺម៉ង់ និងបារាំង ដែលជាកន្លែងជ្រកកោនដ៏សំខាន់បំផុតមួយ សម្រាប់សហគមន៍ឥស្លាមមួយចំនួន នៅអឺរ៉ុប បានប្រកាសពីវិធានការរឹតបន្តឹងឥទ្ធិពលពីរដ្ឋាភិបាលបរទេស ជុំវិញការអប់រំ និងការបដិបត្តិសាសនាលើពលរដ្ឋមូស្លីមរបស់រដ្ឋាភិបាលទាំងនោះ។
ក្រសួងមហាផ្ទៃអាល្លឺម៉ង់ កាលពីថ្ងៃទី២ ខែមករា បាននិយាយថា ចាប់ពីពេលនេះតទៅ អ៊ីម៉ាម (បព្វជិតអ្នកបង្រៀនក្នុងសាសនាឥស្លាម) ចំនួន ១០០នាក់ នឹងទទួលការបណ្តុះបណ្តាល នៅអាល្លឺម៉ង់ រៀងរាល់ឆ្នាំ ហើយនឹងត្រូវបានជំនួសបន្តិចម្តងៗដោយអ៊ីម៉ាមពីប្រទេសទួរគី ដើម្បីដឹកនាំការអធិដ្ឋាន និងផ្តល់ការណែនាំអំពីសាសនាដ៏ទូលំទូលាយដល់ជនមូស្លីមអាល្លឺម៉ង់។ ភាគច្រើននៃវិហារចំនួន៩០០ នៅក្នុងប្រទេសអាល្លឺម៉ង់ដែលគ្រប់គ្រងដោយទួរគី មានអ៊ីម៉ាមទួរគី។
នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin (ហ្សេរ៉ាល់ ដាម៉ាណាំង) បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋាភិបាលបរទេស ដោយក្រើនរំលឹកថា បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Emmanuel Macron ប្រទេសបារាំងនឹងអនុវត្តភ្លាមៗ ដោយលែងទទួលយកអ៊ីម៉ាមដែលត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលបរទេស សម្រាប់ពិធីប្រពៃណីដែលមានសក្តានុពល ក្នុងចំណោមសហគមន៍មូស្លីមបារាំងទៀតទេ។ ឥឡូវនេះមានអ៊ីម៉ាមប្រមាណ ៣០០នាក់ នៅបារាំង ដែលត្រូវបានបញ្ជូនដោយប្រទេសមួយចំនួន ដូចជាអាល់ហ្សេរី ទួរគី និងម៉ារ៉ុកជាដើម។
ទាំងនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង វិធានការបែបនេះបានជំរុញឲ្យមានការភ័យខ្លាចថា អ៊ីម៉ាមដែលត្រូវបានបណ្តុះបណ្តាលពីបរទេសមិនស្គាល់ពីតម្លៃនៃការសិក្សាដែលត្រូវបានរំពឹងទុកពីអ្នករស់នៅអឺរ៉ុប ឬបានបង្ហាញថា មិនមានឆន្ទៈក្នុងការគោរព និងលើកកម្ពស់តម្លៃបែបនេះ។ ប៉ុន្តែវិធានការនេះបានបង្កើតភាពច្របូកច្របល់ និងភាពមិនច្បាស់លាស់ ក្នុងចំណោមសហគមន៍មូស្លីមមួយចំនួន ហើយមានការសង្ស័យអំពីប្រសិទ្ធភាពរបស់ពួកគេ។ ជនមូស្លីមអាល្លឺម៉ង់ និងបារាំងមានឫសគល់ប្រវត្តិសាស្ត្រ និងបទពិសោធន៍នយោបាយខុសៗគ្នា៕