
កាលពីថ្ងៃពុធម្សិលមិញ ក្រុមអ្នកធ្វើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានធ្វើដំណើរទៅកាន់លេណដ្ឋានដែលត្រូវបានជីកដោយគ្រឿងចក្រ និងប៉ែលនៅទីតាំងមិនបានបញ្ចេញមួយកន្លែងស្ថិតនៅតំបន់ Chernihiv ជិតព្រំដែនអ៊ុយក្រែនជាមួយរុស្ស៊ី ។
រថយន្តវិស្វកម្មយោធាធំមួយគ្រឿង បានបើកឆ្លងកាត់ព្រិលនៅលើទីតាំងមួយនោះ ខណៈគ្រឿងចក្រកាយដីជីងលេណដ្ឋានដ៏ធំមួយ ។
លោក Serhii Nayev គឺជាមេបញ្ជាការកងកម្លាំងចម្រុះគ្រប់គ្រងតំបន់យោធាភូមិភាគខាងជើង និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីតាំងនោះថា ពេលដែលជនស៊ីវិលធ្វើការងាររបស់ពួកគេរួចរាល់បង្កើតកន្លែងឈរជើងរបស់ពួកគេ ពួកយើងនឹងដាក់មីនយ៉ាងក្រាស់នៅទីនេះ ។
នៅចម្ងាយប្រហែលរាប់រយម៉ែត្រមុខលេណដ្ឋាន របងបេតុងដែលគេស្គាល់ថាជាធ្មេញនាគ និងបន្លាលួស ត្រូវបានដំឡើងរួចរាល់ ដែលមានគោលបំណងរារាំងការមកដល់របស់យានយន្តរុស្ស៊ី ។
នៅតំបន់ភាគខាងជើងអ៊ុយក្រែន យោធារួមជាមួយក្រុមហ៊ុនសំណង់ កំពុងកសាងខ្សែការពារដ៏រឹងមាំ នៅតាមបណ្តោយព្រំដែនរាប់ពាន់គ.មជាមួយបេឡារុស និងរុស្ស៊ី ។
សូមបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅថា ការកសាងខ្សែការពារអ៊ុយក្រែន ត្រូវតែពង្រឹង និងពន្លឿននៅតាមតំបន់ Volyn, Rivne, Kyiv និងតាមតំបន់ព្រំដែនទាំងអស់ជាមួយបេឡារុស ក៏ដូចជាតំបន់ Kharkiv, Sumy និងតំបន់ Chernihiv ដែលជាប់ព្រំដែនជាមួយរុស្ស៊ី ៕