បាល់ទាត់៖ ការប្រកួតពានរង្វាន់ League Cup 2021 ដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ត្រូវបានសម្រេចលើកពេលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីរកឃើញករណីវិជ្ជមានលើកីឡាករម្នាក់ របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទដែលជាបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ។
តាមការបញ្ជាក់របស់គណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមិថុនានេះបានឲ្យដឹងថា មូលហេតុនៃការលើកពេលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រនេះ ដោយសាររកឃើញករណីវិជ្ជមាននៃជំងឺកូវីដ-១៩ លើកីឡាករ ១រូបរបស់ក្រុមកងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅ។ សូមបញ្ជាក់ថា ដំបូងឡើយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ League Cup 2021 ត្រូវប្រកួតនៅថ្ងៃទី២៣ ខែមិថុនានេះ ដោយក្រុមព្រះខ័នរាជស្វាយរៀងត្រូវជួបក្រុមវិសាខា ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅជួបក្រុមកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៧ ខែមិថុនា។ ប៉ុន្ដែដោយសារបញ្ហានេះ CNCC ក៏សម្រេចលើកពេលជាបណ្ដោះអាសន្ន ខណៈកាលបរិច្ឆេទប្រកួតថ្មី CNCC នឹងបញ្ជាក់ជូននាពេលខាងមុខ៕
អត្ថបទ៖ លី ឈុនឡា