
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ (ទី១០ ខែមករា) បានដំណើរការឆ្ពោះទៅរកការឃុំឃាំង ចំពោះលោក Hunter Biden ពីបទមើលងាយសភា ដោយសារមិនបានផ្តល់សក្ខីកម្ម នៅក្នុងការស៊ើបអង្កេតការចោទប្រកាន់លើឪពុករបស់លោក គឺលោកប្រធានាធិបតីលោក Joe Biden បន្ទាប់ពីរូបលោកបានបង្កឲ្យមានភាពច្របូកច្របល់ជាមួយនឹងការបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនៅវិមាន Capitol។
បណ្ដាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ទាំងនៅក្នុងគណៈកម្មាធិការត្រួតពិនិត្យសភា និងគណៈកម្មាធិការតុលាការ បានធ្វើការបោះឆ្នោត បន្ទាប់ពីលោក Hunter Biden បានបដិសេធមិនបង្ហាញខ្លួនសម្រាប់ការផ្ដល់សក្ខីកម្មបិទទ្វារ កាលពីខែមុន ដោយជំនួសមកវិញនិយាយថា លោកនឹងផ្តល់សក្ខីកម្មជាសាធារណៈ ដែលសមាជិកសភាបានបដិសេធ។
លោក Hunter Biden វ័យ ៥៣ឆ្នាំ បានបង្ហាញខ្លួនដោយគ្មានការជូនដំណឹង កាលពីថ្ងៃពុធ នៅឯកិច្ចប្រជុំរបស់គណៈកម្មាធិការត្រួតពិនិត្យសភាលើបញ្ហានេះ ដោយបង្កឲ្យមានការឈ្លោះប្រកែកគ្នា រវាងសមាជិកសភាដែលអ្នកខ្លះបានស្តីបន្ទោសលោក ចំពោះការបង្កការភ្ញាក់ផ្អើលនេះ។
សូមបញ្ជាក់ថា លោក Hunter Biden ត្រូវប្រឈមនឹងបញ្ហាផ្លូវច្បាប់ផ្ទាល់ខ្លួនជាច្រើន។ រូបលោកនឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធ Los Angeles នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមករា) នេះ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌពីបទខកខានមិនបានបង់ពន្ធចំនួន ១,៤លានដុល្លារ។ រូបលោកក៏ត្រូវបានចោទប្រកាន់នៅឯរដ្ឋ Delaware ផងដែរ ពីបទកុហកអំពីការប្រើប្រាស់ថ្នាំញៀន ស្របពេលទិញកាំភ្លើងខ្លី។ លោកបានផ្ដល់ចម្លើយពីភាពគ្មានទោសពៃរ៍ ចំពោះការចោទប្រកាន់របស់រដ្ឋ Delaware។
សម្រាប់ទោសប្រមាថសភា ជនល្មើសត្រូវផ្ដន្ទាទោសពិន័យជាប្រាក់រហូតដល់ ១០ម៉ឺនដុល្លារ និងដាក់ពន្ធនាគារពី ១ខែ ដល់ ១២ខែ៕