ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងមហាផ្ទៃ ពិនិត្យលើការផ្ដល់ការតែងតាំងស្រ្តីឱ្យកាន់តំណែងជា អភិបាលរងខេត្ត ស្រុក ខណ្ឌ ឬខេត្តនិងសម្របសម្រួលកន្លែងធ្វើការឱ្យនៅក្បែរលំនៅឋានមន្រ្ដីជាស្រ្ដីផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រកាសន៍ណែនាំបែបក្នុងឱកាសចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤នេះ នៅសណ្ឋាគារសាខាភ្នំពេញ។
សម្ដេចធិបតីមានប្រសាសន៍ថា ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្ត្រីមានឱកាសក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងសេដ្ឋកិច្ច ថ្នាក់ជាតិ និងថ្នាក់តំបន់។
សម្ដេចធិបតីថ្លែងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋល្អ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ គុណធម៌ និងបរិយាបន្ន។
សូមជម្រាបថា កន្លងមកយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក៏បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការវិនិយោគទៅលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ស្ត្រី និងក្រុមគ្រួសារនៅក្នុងសង្គមកម្ពុជាផងដែរ។
ចំណែកកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះស្ត្រី គឺជាស្នូល៕ អត្ថបទ៖ វ៉ន ដារ៉ា




