
លោក Herzi Halevi គឺជាអគ្គនាយសេនាធិការកងទ័ពអ៊ីស្រាអែល បាននិយាយប្រាប់ទាហានរបស់លោកនៅក្នុងវីដេអូដែលបានបញ្ចេញកាលពីថ្ងៃពុធថា គ្មានភូមិណាមួយនៅក្នុងប្រទេសលីបង់ដែលអ្នកមិនអាចចូល និងរុះរើបានឡើយ ។
ក្រុមហេសប៊ូឡា បានវាយប្រហារមូលដ្ឋានកងទ័ពអ៊ីស្រាអែល ដោយប្រើប្រាស់យានដ្រូនបង្កប់គ្រឿងផ្ទុះហោះចេញពីប្រទេសលីបង់កាលពីថ្ងៃអង្គារ ដែលជាការវាយប្រហារលើទីតាំងឈរជើងទាហានអ៊ីស្រាអែលជាលើកដំបូង ដើម្បីឆ្លើយតបនឹងការធ្វើឃាតមេបញ្ជាការរងក្រុមហាម៉ាស់នៅក្នុងប្រទេសលីបង់ ។
កាលពីថ្ងៃអង្គារនោះផងដែរ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ក្រុមសកម្មប្រយុទ្ធហេសប៊ូឡា ៣នាក់ នៅតំបន់ភាគខាងត្បូងប្រទេសលីបង់ ។
អ៊ីស្រាអែល និងក្រុមហេសប៊ូឡា កើតមានអរិភាពស្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេល ១៧ឆ្នាំកន្លងមកនេះ ចាប់តាំងពីក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស់ វាយប្រហារអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ។
អំពើហិង្សានេះដែរ បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់នៅភាគីទាំង ២ រត់ភៀសខ្លួនចេញពីតំបន់ព្រំដែនលីបង់-អ៊ីស្រាអែល ហើយធ្វើឲ្យមានការព្រួយបារម្ភថា ជម្លោះអាចនឹងរីករាលដាលខ្លាំងជាងនេះនៅក្នុងតំបន់ ៕