
សមាជិកក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) ឈឺចាប់នៅពេលដែលពួកគេមើលឃើញសហការីរបស់ពួកគេស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃពុធ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំរថយន្តគិលានសង្រ្គោះ ជិតទីក្រុង Deir al-Balah ស្ថិតនៅភាគកណ្តាលតំបន់ហ្គាហ្សាស្រ្ទីប ។
PRCS បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ៤នាក់ក្នុងចំណោមបុគ្គលឹករបស់ពួកគេ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។
ការវាយប្រហាររបស់អ៊ីស្រាអែល នៅតែខ្លាំងក្លាដដែល ជាពិសេសនៅតំបន់ភាគខាងត្បូង និងតំបន់ភាគកណ្តាលហ្គាហ្សា ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែល បើកការវាយប្រហារតាមជើងគោកកាលពីខែមុន បើទោះបីជាពួកគេនិយាយ ថា ពួកគេមានផែនការចាប់ផ្តើមដកទ័ពមកវិញ យ៉ាងហោចណាស់ចេញពីតំបន់ភាគខាងជើងហ្គាហ្សា ក្រោយរយៈពេលច្រើនសប្តាហ៍នៃសំពាធរបស់សហរដ្ឋអាមេរិក ឲ្យបន្ធូបន្ថយប្រតិបត្តិការសឹករបស់ពួកគេ និងផ្លាស់ប្តូរចំពោះអ្វីដែលទីក្រុងវ៉ាស៊ីងតោននិយាយថា វាគួរតែជាយុទ្ធនាការវាយប្រហារគោលដៅជាងមុន ។
ខណៈពេលនោះដែរ នាវាចម្បាំងអាមេរិក និងអង់គ្លេសនៅសមុទ្រក្រហម បានការពារការវាយប្រហារដ៏ធំបំផុតពីក្រុមចលនាហួធីនៅប្រទេសយេម៉ែន ដែលនិយាយថា ពួកគេកំពុងបើកយុទ្ធនាការគាំទ្រតំបន់ហ្គាហ្សា ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ បាននិយាយថា ពួកគេបានបាញ់ទម្លាក់យានដ្រូន និងមីស៊ីលចំនួន ២១គ្រាប់ ដែលសំដៅលើផ្លូវដឹកជញ្ជូន។ គ្មាននរណាម្នាក់រងរបួសទេ ។
ដោយឡែក អង្គការសុខភាពពិភពលោក(WHO) បានលុបចោលបេសកកម្មផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដដែលបានគ្រោងទុកទៅកាន់តំបន់ហ្គាហ្សា ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព ដែលជាការលុបចោលលើកទី៦ ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ៕