តាកែវ ៖ សមត្ថកិច្ចជំនាញ អាវុធហត្ថខេត្តតាកែវស្រាវជ្រាវរាប់ខែមកហើយបង្ក្រាបបទល្មើសគ្រឿងញៀនចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតសារធាតុញៀន ប្រភេទ ម៉ាទឹកកក ( ICE ) ជិត ៤គីឡូក្រាម ។
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កាលពីវេលាម៉ោង ៩ និង៣០នាទី ថ្ងៃទី០៩ ខែមករា ធ្ឆ្នាំ២០២៤ កម្លាំងជំនាញដឹកនាំលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានស្រាវជ្រាវបង្ក្រាបគ្រឿងញៀន ជាក់ស្ដែង នៅចំណុចភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
នាប្រតិបត្តិការនោះសមត្ថកិច្ចអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆែម ជាតិ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ ករណីរក្សាទុក ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដករហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ទម្ងន់: ២៣០,៧៧ក្រាម (គិតទាំងសំបក់ថង់)ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២គ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួន និង ម៉ូត ០១គ្រឿង ម៉ាក អឹមស្លាស់ ពណ៍ខ្មៅស្លាកលេខ ភ្នំពេញ1TL 3712 ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆែមជាតិ បានសារភាពថា ថ្នាំញៀននេះ គឺខ្លួនបានទិញពីរឈ្មោះ ស សុងឃៀង ហៅ ពែក រស់នៅម្ដុំជើងភ្នំតាម៉ៅ ភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
នាវេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២៤ កម្លាំងជំនាញអាវុធហត្ថខេត្តតាកែវបានចុះទៅចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ប៉ុន្តែម្ចាស់រោង ឈ្មោះ ស សុងឃៀង គេចខ្លួនបាត់ ដោយកម្លាំងបាន
ធ្វើការឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន ០៣ដុំធំ ( រកឃើញក្នុងរោងជីកដីកប់ ) និង ចំនួន ១៥ កញ្ចប់ធំ (រកឃើញដាក់ក្នុងធុងបាស) សរុបទាំងអស់ទម្ងន់ ៣,៩១០,៧៦ក្រាម ។
ចំពោះករណីនេះកម្លាំងជំនាញអាវុធហត្ថខេត្តតាកែវកំពុងតាមចាប់ជនសង្ស័យឈ្មោះ ស សុងឃៀង ដែលកំពុងរត់គេចខ្លួនបន្តទៀត ។ដោយឡែកជនសង្ស័យឈ្មោះ ឆែម ជាតិ ជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីផ្ទន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ ៖ តារាវុទ្ធី











