
អគ្គស្នងការនគរបាលសហព័ន្ធប្រេស៊ីលលោក Andrei Rodrigues បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នគរបាលសហព័ន្ធត្រូវតែចាត់វិធានការ ដើម្បីបញ្ឈប់សកម្មភាពជីករ៉ែមាសខុសច្បាប់របស់ក្រុមឧក្រិដ្ឋករនៅដែនដី Yanomami ស្ថិតក្នុងព្រៃជប់ភ្លៀងអាម៉ាហ្សូន ប៉ុន្តែការប្រឈមនៅមាននៅទីនោះ ។
ការធ្វើអត្ថាធិប្បាយរបស់លោក Rodrigues បានកើតមានរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ដាក់ចេញផែនការថ្មី ដើម្បីបញ្ចប់វិបត្តិមនុស្សធម៌នៅដែនដីជនជាតិភាគតិច Yanomami ជាកន្លែងដែលការជីករ៉ែខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ បានធ្វើឲ្យធ្ងន់ធ្ងរដល់វិបត្តិមនុស្សធម៌ កង្វះខាតអាហារូបត្ថម្ភ ជំងឺ ភាពអត់ឃ្លាន និងការរំលោភបំពានផ្លូវភេទ ។
លោក Rodrigues យល់ឃើញថា វិធានការរបស់ក្រុមនគរបាលសហព័ន្ធ នៅពុំគ្រប់គ្រាន់នោះទេ ដើម្បីការពារដែនដីជនជាតិភាគតិច Yanomami ហើយលោកថា រដ្ឋសហព័ន្ធត្រូវតែផ្តល់សេវាកម្មសង្គម សុខភាព និងការអប់រំដល់តំបន់មួយនេះ ។
នៅក្នុងជំនួបបន្ទាន់កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋាភិបាលរបស់លោក Lula បានប្រកាសថា ពួកគេនឹងចំណាយថវិកា ២៤៥លានដុល្លារលើកិច្ចខិតខំសន្តិសុខ និងជំនួយ សម្រាប់ប្រជាពលរដ្ឋតំបន់ Yanomami ដែលរស់នៅក្នុងតំបន់អភិរក្សជនជាតិភាគតិចធំបំផុតរបស់ប្រេស៊ីល ជាប់ព្រំដែនជាមួយប្រទេសវេណេស៊ុយអេឡា ៕