
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា បរិមាណថាមពលកកើតឡើងវិញរបស់ពិភពលោក បានកើនឡើង ៥០ភាគរយ ក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំមុន ពោលគឺឡើងដល់ ៥១០ជីហ្កាវ៉ាត់ (GW) ដោយធ្វើឲ្យបរិមាណសរុបឡើងដល់ ៣.៧០០GW។
យោងតាម IEA បានឲ្យដឹងថា បរិមាណថាមពលកកើតឡើងវិញជាសកល កំពុងស្ថិតនៅលើផ្លូវកើនឡើង ២ដងកន្លះ ត្រឹមឆ្នាំ២០៣០ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសនីមួយៗ ត្រូវបន្តទៅមុខទៀតដើម្បីសម្រេចបាននូវគោលដៅនៃការបង្កើនឲ្យឡើងដល់ ៣ដង នៅពេលនោះ ដូចដែលបានព្រមព្រៀង នៅក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ។
នៅក្រោមគោលនយោបាយបច្ចុប្បន្ន និងលក្ខខណ្ឌទីផ្សារ ថាមពលកកើតឡើងវិញត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ចំនួនសរុប ៧.៣០០GW នៅឆ្នាំ២០២៨ ប៉ុន្តែដើម្បីឈានដល់គោលដៅឆ្នាំ២០៣០ ដែលបានព្រមព្រៀងនៅឆ្នាំ២០២៣ វានឹងតម្រូវឲ្យបរិមាណឡើងដល់យ៉ាងហោចណាស់ ១១.០០០GW។
សូមរំលឹកថា រដ្ឋាភិបាលនៅទូទាំងពិភពលោកបានយល់ព្រមបង្កើនបរិមាណផលិតថាមពលកកើតឡើងវិញឲ្យឡើងដល់ ៣ដង ត្រឹមឆ្នាំ២០៣០ និងងាកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅឯសន្និសីទស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 នាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីខែធ្នូឆ្នាំមុន។ ប៉ុន្តែគ្មានយន្តការណាមួយ ដែលត្រូវបានយល់ព្រម ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការផ្លាស់ប្តូរទៅថាមពលស្អាត នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នោះទេ។
របាយការណ៍នេះបានបង្ហាញថា ការបង្កើននូវការផ្តល់មូលនិធិ និងការងាកទៅប្រើថាមពលកកើតឡើងវិញ នៅបណ្ដាប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ភាគច្រើន នឹងក្លាយជាឧបសគ្គដ៏ធំបំផុត ក្នុងការសម្រេចបានគោលដៅនេះ៕