
យោងតាមការអះអាងរបស់ប្រធានក្រុមហ៊ុនគ្រប់គ្រងហានិភ័យសមុទ្រ បានឲ្យដឹងថា ហានិភ័យចំពោះការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហមពីក្រុមឧទ្ទាមហ៊ូធីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន នៅតែមានខ្ពស់ដដែល ក្រោយការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់ក្រុមជីវពលមួយនេះ ។
លោក Joshua Hutchinson គឺជាប្រធានក្រុមហ៊ុន Ambrey និយាយថា ក្រុមហ៊ុនដឹកជញ្ជូនកាន់តែច្រើននឹងប្តូរទិសដៅនាវារបស់ពួកគេ បើទោះបីជាត្រូវចំណាយពេលយូរ ឬធ្វើដំណើរឆ្ងាយជុំវិញអាហ្វ្រិកក៏ដោយ បើសិនការវាយប្រហារកើនឡើងដល់ដីគោកនោះ ។
ការធ្វើអត្ថាធិប្បាយរបស់លោក Hutchinson បានកើតមានឡើង ១ថ្ងៃក្រោយដែលកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង់គ្លេស បានបាញ់ទម្លាក់យានដ្រូន ២១គ្រឿង និងមីស៊ីលបាញ់ដោយក្រុមឧទ្ទាមហ៊ូធី កាលពីថ្ងៃអង្គា ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងសមុទ្រក្រហម ។
រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក Grant Shapps និយាយថា វាគឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុតដោយក្រុមជីវពល មកទល់នឹងពេលនេះ ស្របពេលដែលសង្រ្គាមរយៈពេល ៣ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា បានរីករាលដាលដល់តំបន់ជាច្រើនទៀតនៅមជ្ឈិមបូព៌ា ។
ការវាយប្រហារនេះដែរ បានធ្វើឲ្យអាក់ខានធ្ងន់ធ្ងរដល់ការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិតាមផ្លូវសំខាន់រវាងអឺរ៉ុប និងអាស៊ី ដែលស្មើនឹង ១៥ភាគរយនៃការដឹកជញ្ជូនតាមសមុទ្ររបស់ពិភពលោក ៕