សៀមរាប ៖ ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានសម្រេចមិនគិតកម្រៃថ្លៃចត សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី ក្រោមរយៈពេល ១៥នាទី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត និងយល់ព្រមបញ្ចុះតម្លៃបន្ថែម សម្រាប់យាន្តយន្តគ្រប់ប្រភេទ ដែលចូល-ចេញអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត សម្ដេចបានឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ទីស្តីការគណៈរដ្ឋមន្ត្រី,
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងអាជ្ញាធរខេត្តសៀមរាប និងក្រសួងស្ថាប័នដែលពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហានេះជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ។
បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្ដែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគ ដែលបានបណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ចបានពិភាក្សាចរចាបន្ថែមលើអ្វីដែលបានឯកភាពកាលពីពេលមុន។ ក្នុងនោះ ក្រុមហ៊ុនបានឯកភាពមិនគិតកម្រៃថ្លៃចត សម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិ
សៀមរាបអង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។
ជាមួយគ្នានេះ ក្រុមហ៊ុនបានយល់ព្រមធ្វើការបញ្ចុះតម្លៃបន្ថែម ក្នុងការប្រើប្រាស់ផ្លូវ សម្រាប់គ្រប់ប្រភេទយានយន្តមួយចំនួនសម្រាប់រយៈពេលពីរឆ្នាំចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥។
លើសពីនេះ អង្គប្រជុំក៏បានឯកភាពគ្នា បង្កើតគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះទាក់ទងទៅនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាព ក្នុងការធ្វើដំណើរតាមដងផ្លូវនេះផងដែរ៕ អត្ថបទ ៖ សេក ឧត្តម



