ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣នេះបានចេញសារប្រាប់ទៅក្រុមប្រឆាំងការពារសុខភាពរបស់ខ្លួនប្រសើរជាងគិតពីសុខភាពរបស់សម្ដេច ខណៈសម្ដេចបានប្រាប់ទៅក្រុមប្រឆាំងថាសុខភាពរបស់សម្ដេច គឺបន្តរស់រហូតកម្ចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា។
សម្ដេចតេជោ បានមានប្រសាសន៍ថា ទោះបីសម្ដេច មិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានៈជាមិត្តចាស់ដែលធ្លាប់ធ្វើការជាមួយគ្នា ក្នុងការលើកកម្ពស់ទំនាក់ទំនង មិត្តភាពកម្ពុជា-ជប៉ុន ឯកឧត្តមនាយករដ្ឋមន្រ្ដីជប៉ុន គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលសម្ដេចនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។
សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម នាយករដ្ឋមន្រ្ដីជប៉ុន ដែលនៅបន្តរាប់អានសម្ដេចក្នុង
ឋានៈជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ សម្ដេចតេជោ ក៏អរគុណផងដែរដល់មិត្តភក្រទាំងអស់ដែលមកជួបពិភាក្សាជាមួយសម្ដេចនាពេលដែលពេលស្នាក់នៅទីក្រុងតូក្យូ។
ក្នុងឱកាសផ្ដល់សារអរគុណដល់មេដឹនាំជាន់ខ្ពស់របស់ជប៉ុននេះ សម្ដេចតេជោ បានមានប្រសាសន៍ថា មុននេះបន្តិចសម្ដេចបានទទួលបានព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថាសុខភាព សម្ដេចមិនល្អ មកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់។
សម្ដេចតេជោប្រាប់ទៅពួកក្រុមប្រឆាំងជ្រុលនិយមវិញថា សុខភាពសម្ដេចបន្តរស់រហូតកម្ចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា។ សម្ដេចតេជោក៏បានប្រាប់ទៅក្រុមប្រឆាំងឱ្យការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពរបស់សម្ដេច។
សម្ដេចតេជោ បានបញ្ជាក់ថា ក្រោយម៉ោង ២ល្ងាច ថ្ងៃស្អែក ទី១២ មករា ២០២៤ សម្ដេចនឹងមានវត្តមាននៅកម្ពុជាវិញ ដូច្នេះពួកជ្រុលនិយមកុំបារម្មពីសម្ដេចធ្វើអី គួរគិតពីខ្លួនឯងទៅល្អជាង៕ អត្ថបទ៖ វ៉ន ដារ៉ា



