ភ្នំពេញ ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ និងសហជីព គ្រោងនឹងជួបជជែកទល់មុខគ្នាម្តងទៀត នៅសប្តាហ៍ក្រោយ ដើម្បីបន្តរកដំណោះស្រាយឯកភាពរួមមួយ លើកគម្រោងកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន នៅក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការបន្តជជែកនៅសប្តាហ៍ក្រោយ គឺបន្ទាប់ពីភាគីទាំងពីរ បានបញ្ចប់ការជួបជជែកលើកទីមួយ កាលពីថ្ងៃទី២៣ ខែមិថុនា នៅក្រសួងការងារមិនទទួលបានឯកភាពគ្នា។
អ្នកនាង ស៊ុន ស្រីពេជ្រ តំណាងបុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៍ បានប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅល្ងាចថ្ងៃទី២៣ មិថុនា ឆ្នាំ២០២១កន្លងទៅថា ក្នុងជំនួបលើកទី១ ជាមួយក្រុមហ៊ុនរយៈពេល៤ម៉ោងកាលពីថ្ងៃពុធ គឺថាជំហរសហជីព តំណាងឲ្យ បុគ្គលិក នៅតែរក្សាគោលជំហររៀងខ្លួនដដែលដោយផ្អែកលើគោលការណ៍ចំនួន ៥ចំណុចដែលសហជីពទាមទារកន្លងមក។ ដោយឡែកភាគីក្រុមហ៊ុន ក៏មិនទាន់មានការឆ្លើយតបអ្វីមួយ ដែលជាផលវិជ្ជមានមកដល់សហជីពវិញទេ ទើបក្រុមហ៊ុន ស្នើណាត់ការប្រជុំជាលើកទី២នៅសប្តាហ៍ខាងមុខបន្តទៀត។
ប្រភពដដែល បន្ថែមទៀតថា ក្នុងករណី មិនអាចដោះស្រាយបានក្នុងកម្រិតណាមួយទេ ឆ្លើយតបជាវិជ្ជមានសម្រាប់សំណើរទាំង៥ចំណុច សហជីពនឹងត្រូវធ្វើតាមនីតិវិធីច្បាប់បន្តទៀត។
ទាក់ទិនរឿងខាងលើនេះ អ្នកនាង ឌី សីហា តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ បដិសេធផ្តល់ព័ត៌មានទាក់ទងនឹងដំណោះស្រាយរបស់ក្រុមហ៊ុនក្រោយជំនួបលើកទី១ ដោយលើកឡើងថា បញ្ហាវិវាទការងាររវាងក្រុមហ៊ុន និងសហជីពនាពេលនេះ កំពុងស្ថិតក្នុងការដោះស្រាយ។
សូមបញ្ជាក់ថា ការទាមទាររបស់ភាគីសហជីព ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ណាហ្គាវើលដ៍ បានចាប់ដំណើរការបញ្ឈប់បុគ្គលិកបន្តបន្ទាប់សរុបចំនួនជាង ១ ៣២៩នាក់ ក្រោមហេតុផលដើម្បីរក្សាស្ថិរភាពអាជីវកម្មដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
ការទាមទារ ៥ចំណុចរបស់សហជីព រួមមាន ៖ ១.ទាមទារឲ្យក្រុមហ៊ុនបញ្ឈប់បន្ទាន់នូវគម្រោងកាត់បន្ថយបុគ្គលិក, ២.ទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ការបំភិតបំភ័យបុគ្គលិកតាមរយៈកោះហៅកន្លងមក, ៣.ទាមទារឲ្យក្រុមហ៊ុនផ្តល់ប្រាក់បំណាច់ផ្ដាច់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវស្របតាមច្បាប់, ៤.ទាមទារឲ្យក្រុមហ៊ុនបន្តផ្តល់ឡើងវិញនូវប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកបំណាច់អតីតភាពការងារជូនបុគ្គលិកទាំងអស់ដែលកំពុងបំរើការងារ និង៥.ទាមទារឲ្យក្រុមហ៊ុនអនុវត្តវិធានការសុខាភិបាល នៅកន្លែងការងារឲ្យបានត្រឹមត្រូវស្របតាមការណែនាំក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងក្រុមហ៊ុន៕
អត្ថបទ ៖ ឈិត បូរ៉ាវី
