
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានប្តេជ្ញាកាលពីថ្ងៃពុធថា នឹងផ្តល់ប្រាក់ចំនួន ១៥ លានអឺរ៉ូ ( ១៦,៤៥ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់កងទ័ពលីបង់ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃភាពតានតឹងជាមួយអ៊ីស្រាអែល នៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រីទៅកាន់កំពង់ផែ Beirut លោកស្រី Baerbock បាននិយាយថា ប្រាក់ទាំងនោះ នឹងត្រូវប្រើប្រាស់ ដើម្បីទិញប្រេងឥន្ធនៈ និងបណ្តុះបណ្តាលទាហាន ដើម្បីត្រួតពិនិត្យព្រំដែន នេះបើយោងតាមគេហទំព័រព័ត៌មាន Elnashra របស់ប្រទេសលីបង់។
លោកស្រីបានបន្តថា៖«កងទ័ពត្រូវតែអាចអនុវត្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នៅក្នុងតំបន់ ដើម្បីទប់ស្កាត់ក្រុមប្រដាប់អាវុធ»។
ដោយបានមកដល់ទីក្រុងបេរូត កាលពីថ្ងៃអង្គារ លោក Baerbock បានជួបប្រជុំនៅថ្ងៃពុធជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) និងមេបញ្ជាការកងទ័ពលីបង់ លោក Joseph Aoun ដើម្បីពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់នៅក្នុងប្រទេសលីបង់ និងតំបន់នេះ។
ព្រំដែនលីបង់-អ៊ីស្រាអែល បានឃើញភាពតានតឹងកើនឡើង ចាប់តាំងពីថ្ងៃទី ៨ ខែតុលា បន្ទាប់ពីក្រុមហេសបូឡា បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ឆ្ពោះទៅអ៊ីស្រាអែល ដើម្បីគាំទ្រការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃមុន ដែលជំរុញឲ្យអ៊ីស្រាអែលឆ្លើយតបដោយការបាញ់កាំភ្លើងធំទៅកាន់ លីបង់ភាគអាគ្នេយ៍។
ការប្រឈមមុខដាក់គ្នារវាងក្រុមក្រុមហេសបូឡា និងអ៊ីស្រាអែល បានសម្លាប់មនុស្ស ២១៥ នាក់នៅខាងលីបង់ រួមទាំងសមាជិកក្រុមហេសបូឡាចំនួន ១៥៨ នាក់ និងជនស៊ីវិល ៣៧នាក់ នេះបើយោងតាមប្រភពសន្តិសុខលីបង់។