
កាលពីថ្ងៃពុធម្សិលមិញ ឧត្តមនាវីឯកកងទ័ពជើងទឹកឥណ្ឌាលោក Hari Kumar បានបង្ហាញយានដ្រូនផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួន Drishti 10 Starliner ។
យានដ្រូន Drishti 10 Starliner ត្រូវបានផលិតដោយក្រុមហ៊ុន Adani ហើយយានដ្រូននេះ មានបំពាក់ប្រព័ន្ធចារកម្ម និងឈ្លបយកការណ៍ ហើយនិងអាចហោះហើរបានរយៈពេល ៣៦ម៉ោង និងមានសមត្ថភាពផ្ទុក ៤៥០គ.ក ។
លោក Kumar និយាយថា យានដ្រូននឹងធ្វើឲ្យល្អប្រសើរឡើងសមត្ថភាពឈ្លបយកការណ៍របស់កងទ័ពជើងទឹកឥណ្ឌា នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា ជាពិសេសស្របពេលមានការវាយប្រហារដោយយានដ្រូន និងការព្យាយាមធ្វើសកម្មភាពពីក្រុមចោរសមុទ្រលើនាវាឈ្មួញ ។
លោកបន្តថា នៅក្នុងមហាសមុទ្រឥណ្ឌា ពួកយើងគឺជាមហាអំណាចកងទ័ពជើងទឹកធំជាងគេបំផុត ហើយពួកយើងគួរតែដឹងនូវអ្វីដែលនឹងកើតឡើង នរណាខ្លះនៅទីនោះ អ្វីដែលពួកគេកំពុងធ្វើ ហើយអ្វីដែលពួកគេនឹងធ្វើ ។ ដូច្នេះហើយសមត្ថភាពឈ្លបយកការណ៍របស់យានដ្រូន Drishti 10 Starliner គឺពិតជាចាំបាច់ខ្លាំងណាស់ ។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន កងទ័ពជើងទឹកឥណ្ឌា សង្រ្គោះបានក្រុមនាវិកនាវា MV Lila Norfolk ចងទង់ជាតិលីបេរីយ៉ា ក្រោយពួកគេរងការប៉ុនប៉ងប្លន់នៅសមុទ្រអារ៉ាប់ ដែលមានចម្ងាយប្រហែល ៨៥០គ.មពីប្រទេសសូម៉ាលី ៕