ភ្នំពេញ ៖ កាលរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំស្តីពី ផែនការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជនកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល សរុបចំនួន ៩៦នាក់។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ពិត ចំណាន បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្ងៃនេះ ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ទីប្រឹក្សាយុវជន និងយុវជន នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងអនុវត្តសកម្មភាពនៅតាមក្លឹបយុវជនរៀងៗខ្លួនជាប់ជាប្រចាំនាពេលកន្លងមក។
ខណះនោះដែរឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណះកម្មាធិការកណ្តាល ក៏បានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន ៣ នៃកិច្ចប្រជុំនេះ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលឱ្យគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ត្រូវយកចិត្តទុកដាក់បន្ថែមដូចជា៖
១. ពិនិត្យ-ពិភាក្សាពីសំណូមពររបស់គ្រឹះស្ថានឧត្តមសិក្សា ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីពង្រឹងចលនាបណ្តាញយុវជនកាកបាទក្រហមកម្ពុជា។
២. ពិនិត្យ និងឯកភាពគ្នាលើសកម្មភាពអាទិភាពសំខាន់ៗហើយលេចធ្លោ ដែលយុវជនកាកបាទក្រហមកម្ពុជាត្រូវធ្វើនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ទាំងរដ្ឋនិងឯកជន ដែលសកម្មភាពទាំងនោះគឺជាសកម្មភាពជាក់លាក់ មានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។
៣. យន្តការក្នុងការពង្រឹងកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ដោយឈរលើគោលការណ៍ចំនួន២ គឺ បរិមាណ និងគុណភាព។
ចំណែកលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះការងារយុវជន ក្នុងភាពជាអ្នកដឹកនាំរបស់យុវជន សក្តានុពល និងការពង្រឹងសុខសន្តិភាពដោយផ្តោតលើយុវជន ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ពីការងារអាទិភាពក្នុងឆ្នាំ២០២៤ របស់កាកបាទក្រហមកម្ពុជា និងសំណូមពររបស់សាកលវិទ្យាល័យ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក៏ដូចជាសំណូមពររបស់យុវជនដែលបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនោះផងដែរ។
បន្ទាប់ពីទទួលបានមតិយោបល់ ពីបញ្ហាប្រឈម និងសំណូមពរ ពីគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនរួចមក, ឯកឧត្តម ពិត ចំណាន បានធ្វើការបូកសរុប និងផ្តល់អនុសាសន៍ដល់អង្គប្រជុំ ជាពិសេសសម្រាប់ការពាំនាំជូនដល់សាកលវិទ្យាធិការ នៅតាមគ្រប់គ្រឹះស្ថានឧត្តមសិក្សាមួយចំនួចដូចជាៈ
១. សូមបន្តកសាង និងពង្រឹងកម្លាំងយុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សា ដោយឈរលើគោលការណ៍ បរិមាណនិងគុណភាព។
២. ធ្វើយ៉ាងណាធានាបន្តនិរន្តរភាពក្លឹបយុវជន ដោយឆ្កឹះសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា ឱ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព ដោយត្រូវពង្រឹងសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្ត។
៣. បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញកម្លាំងយុវជនស្ម័គ្រចិត្តដទៃទៀត ដូចជាយុវជន សសយក យុវជនកាយរឹទ្ធជាតិកម្ពុជា ជាដេីម ដើម្បីប្រសិទ្ធភាពមនុស្សធម៌បានយូរអង្វែង ដូចពាក្យថា «បើអ្នកចង់ដើរលឿន ដើរម្នាក់ឯង, បើចង់ដើរបានឆ្ងាយ ដើរទាំងអស់គ្នា» និងទី
៤. សូមជំរុញនិស្សិត និងយុវជនឱ្យបង្កើនសមត្ថភាព ទេពកោសល្យ ចំណេះនិងជំនាញ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕ អត្ថបទៈ សំ ងីម

















