
លោក Sergei Udaltsov ដែលជាសកម្មជននយោបាយឆ្វេងនិយមរុស្ស៊ីដ៏លេចធ្លោម្នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ «ផ្ដល់ការគាំទ្រដល់អំពើភេរវកម្ម» នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមករា) នេះ។ នេះបើតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ដែលបានដកស្រង់សម្តីពីមេធាវីរបស់លោក Udaltsov។
លោក Udaltsov ដែលបានគាំទ្រសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា នគរបាលកំពុងកម្ទេចទ្វារមុខរបស់គាត់។ មេធាវីរបស់លោក Udaltsov មិនបានផ្តល់ព័ត៌មានអ្វីបន្ថែមអំពីការចោទប្រកាន់ ដែលបានដាក់លើកូនក្តីរបស់ខ្លួននោះទេ។
លោក Udaltsov គឺជាមេដឹកនាំនៃរណសិរ្សឆ្វេងនិយម ជាសម្ព័ន្ធនៃក្រុមឆ្វេងនិយមរុស្ស៊ីដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនីស្តរុស្ស៊ី។ លោកមានភាពលេចធ្លោក្នុងអំឡុងការតវ៉ាឆ្នាំ២០១១-២០១២ នៅទីក្រុងមូស្គូ បន្ទាប់ពីមានការចោទប្រកាន់ពីការក្លែងបន្លំការបោះឆ្នោតយ៉ាងទូលំទូលាយ ហើយនាពេលនោះបានចងសម្ព័ន្ធភាពជាមួយអ្នករិះគន់វិមានក្រឹមឡាំង ដែលឥឡូវនេះកំពុងជាប់ពន្ធនាគារ គឺលោក Alexei Navalny។ លោក Udaltsov ត្រូវបានចាប់ដាក់ពន្ធនាគារក្នុងឆ្នាំ២០១៤ ពីបទរៀបចំការតវ៉ា និងត្រូវបានដោះលែងនៅឆ្នាំ ២០១៧។
ក្នុងពេលដែលនៅតែរិះគន់លើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន លោក Udaltsov តាំងពីការចាប់ផ្តើមមានជម្លោះក្នុងប្រទេសអ៊ុយក្រែន បានបែកបាក់ជាមួយអតីតសម្ព័ន្ធមិត្តក្រុមប្រឆាំង ដោយគាំទ្រយុទ្ធនាការយោធារបស់វិមានក្រឹមឡាំង៕