
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមករា) នេះ បាននិយាយថា បទឈប់បាញ់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងមិននាំឲ្យមានការសន្ទនានយោបាយទេ ហើយនឹងមានតែផ្ដល់ភាពចំណេញដល់រុស្ស៊ីប៉ុណ្ណោះ ព្រោះនេះនឹងអនុញ្ញាតឲ្យទីក្រុងមូស្គូបង្កើនការផ្គត់ផ្គង់អាវុធយុទ្ធភណ្ឌរបស់ខ្លួន។
លោក Zelenskiy បាននិយាយថា រុស្ស៊ីកំពុងចរចាទិញមីស៊ីលពីអ៊ីរ៉ង់ ហើយជាមួយគ្នានេះ លោកក៏បានប្រាប់ដែរថា កងកម្លាំងរុស្ស៊ីបានទទួលគ្រាប់រំសេវជាងមួយលានគ្រាប់ពីកូរ៉េខាងជើង។ ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះ ក្នុងអំឡុងពេលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអេស្តូនី ដែលជាផ្នែកនៃដំណើរទស្សនកិច្ចកាន់តែទូលំទូលាយនៃបណ្ដារដ្ឋនៅតំបន់បាល់ទិក ដើម្បីស្វែងរកការគាំទ្រសង្គ្រាមនៃប្រទេសរបស់លោកជាមួយរស្ស៊ី។
លោក Zelenskiy កំពុងត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅថ្ងៃព្រហស្បតិ៍នេះ លើវេទិកាបណ្ដាញសង្គម X ដោយរដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Margus Tsahkna។ នៅមុននេះ មេដឹកនាំកំពូលអ៊ុយក្រែនបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសលីទុយអានី កាលពីថ្ងៃពុធ (ទី១០ ខែមករា) ហើយគ្រោងទៅកាន់ប្រទេសឡាតវីបន្ទាប់៕