
រថយន្ដដឹកគ្រឿងទេសមួយគ្រឿង បានដឹកជញ្ជូនរបស់របរចាំបាច់ប្រចាំថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ ទៅឲ្យអ្នកក្រុងវ៉ាជីម៉ា (Wajima) ជាទីដែលរងគ្រោះធ្ងន់ធ្ងរដោយសារការរញ្ជួយដីមានកម្រិត៧,៦រ៉ិកទ័រនៅឆ្នេសមុទ្រខាងលិចរបស់ប្រទេសជប៉ុន។
ប្រតិបត្ដកររបស់ហាងគ្រឿងទេសចល័តឈ្មោះ តូគូស៊ីម៉ារូ(Tokushimaru) បានដាក់ពង្រាយរថយន្ដ៣គ្រឿងទៅកាន់ឧបទ្វីបណូតុ (Noto) ដោយបានដឹកផលិតផលប្រចាំថ្ងៃដូចជា អាហារសម្រន់ ផ្លែឈើ ទឹក និងគ្រឿងប្រើប្រាស់អនាម័យ ទៅឲ្យអ្នកដែលកំពុងរស់នៅមណ្ឌលជម្លៀសខ្លួនចាប់តាំងពីការរញ្ជួយដីបានបំផ្លាញផ្ទះរបស់ពួកគេ។
នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានខ្លីមួយ នាយករដ្ឋមន្រ្ដីជប៉ុនលោក ហ្វូមីអូ ឃីស៊ីដា (Fumio Kishida) បាននិយាយថារដ្ឋាភិបាលនឹងធ្វើការជាមួយអាជ្ញាធរដែនដីដើម្បីផ្ដល់ការគាំទ្របន្ថែមដល់អ្នកស្រុកដែលបានជម្លៀសខ្លួនចេញពីតំបន់រងគ្រោះ ជាពិសេសអ្នកស្រុកវ័យចំណាស់ចាប់ពីអាយុ៧៥ឆ្នាំឡើង និងប្រជាជនដែលមានតម្រូវការផ្នែកវេជ្ជសាស្រ្ដ ដើម្បីបន្ធូរបន្ថយការដាក់មនុស្សលើសចំណុះនៅក្នុងមណ្ឌលជម្លៀសខ្លួន។
យោងតាមទិន្នន័យដែលផ្សព្វផ្សាយដោយរដ្ឋបាលតំបន់របស់ខេត្ដ អ៊ីស៊ីកាវ៉ា(Ishikawa) បានអោយដឹងថា រហូតមកទល់រសៀលថ្ងៃព្រហស្បតិ៍នេះ មនុស្សចំនួន២១៣នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ និង៣៧នាក់នៅបាត់ខ្លួននៅឡើយ៕