មេដឹកនាំប្រទេស ប៉ាពួ ញូហ្គីណេ(Papua New Guinea) បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ១៤ ថ្ងៃនៅក្នុងរដ្ឋធានី ព័រ ម៉រ៉េស្បី(Port Moresby) បន្ទាប់ពីមនុស្ស១៥ នាក់បានស្លាប់នៅក្នុងកុបកម្ម ខណៈមនុស្សយ៉ាងច្រើនបានសម្រុកចូលលួចយកទំនិញ និងដុតហាង។
លោកនាយករដ្ឋមន្ត្រី ជែមស៍ ម៉ារ៉េប (James Marape) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ទាហានជាង ១.០០០នាក់ ត្រូវបានត្រៀមដើម្បីបញ្ជូនទៅទីតាំងដែលចាំបាច់ ក្រោមក្រិត្យគ្រាអាសន្ន។

លោក Marape បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកបានព្យួរតំណែងស្នងការនគរបាលរបស់ប្រទេសនេះ ក៏ដូចជាមន្ត្រីការិយាធិបតេយ្យជាន់ខ្ពស់នៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុ និងរតនាគារ ខណៈរដ្ឋាភិបាល ត្រួតពិនិត្យទៅលើមូលហេតុនៃភាពចលាចលនេះ។

អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុង ព័រ ម៉រ៉េស្បី (Port Moresby) កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីក្រុមទាហាន នគរបាល និងឆ្មាំពន្ធនាគារបានចេញតវ៉ាជុំវិញការកាត់ប្រាក់ដែលមិនអាចពន្យល់បានចំពោះប្រាក់ឈ្នួលរបស់ពួកគេដែលក្រុមអ្នកតវ៉ាបាននិយាយថា រដ្ឋាភិបាលបានកាត់ប្រាក់ខែពួកគេដល់ទៅ៥០%។ ក្នុងរយៈពេលប៉ុន្មានម៉ោង ភាពចលាចលបានរីករាលដាលដល់ទីក្រុងឡេ (Lae) ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ទៅភាគខាងជើងរដ្ឋធានី។
នគរបាលបាននិយាយថាមនុស្ស៨ នាក់បានស្លាប់នៅរដ្ឋធានី ព័រ ម៉រ៉េស្បី (Port Moresby) ខណៈ មនុស្ស ៧ នាក់បានស្លាប់នៅក្នុងទីក្រុង ឡេ (Lae)៕
