អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា តំបន់ហ្កាហ្សា កំពុងប្រឈមទៅនឹងបញ្ហាសន្តិសុខស្បៀងយ៉ាងពិតប្រាកដក្នុងពេលមានការតស៊ូក្នុងការទទួលបានជំនួយមនុស្សធម៌បន្ថែមទៀតឲ្យចូលមក។

លោក Kirby បាននិយាយថា ពុំមានរថយន្តជំនួយគ្រប់គ្រាន់នោះទេចូលទៅក្នុងតំបន់ហ្កាហ្សា ហើយ «មានភាពអត់ឃ្លាន និងទុរ្ភិក្សច្រើន»។ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលរយៈពេល ៣ ខែមកនេះ បានធ្វើឱ្យតំបន់ហ៊ុមព័ទ្ធឆ្នេរជាច្រើនត្រូវខ្ទេចខ្ទី ដោយបានបណ្តាលឲ្យមនុស្សជាង ២៣.០០០នាក់ស្លាប់ និងបានជំរុញប្រជាជនប៉ាឡេស្ទីនជិត ២,៣ លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ ការបិទផ្លូវរបស់អ៊ីស្រាអែល បានរឹតបន្តឹងយ៉ាងខ្លាំងលើការផ្គត់ផ្គង់ស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ដោយបានបង្កើតនូវអ្វី ដែលអង្គការសហប្រជាជាតិចាត់ទុកថាជាមហន្តរាយមនុស្សធម៌។
អ៊ីស្រាអែលនិយាយថា មធ្យោបាយតែមួយគត់ដើម្បីការពារខ្លួនគឺតាមរយៈការកម្ទេចក្រុមហាម៉ាស ជាក្រុមអ៊ីស្លាមនិយមគ្រប់គ្រងនៅតំបន់ហ្កាហ្សា ដែលក្រុមអ្នកប្រយុទ្ធទាំងនេះបានសម្រុកចូលសហគមន៍នានារបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៤០ នាក់។ អ៊ីស្រាអែល បានដាក់កំហុសលើក្រុមហាម៉ាស ចំពោះការបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ដល់ជនស៊ីវិលប៉ាឡេស្ទីន សម្រាប់ប្រតិបត្តិការនៅក្នុងចំណោមពួកគេ ដែលក្រុមអ្នកប្រយុទ្ធហាម៉ាសបានបដិសេធ៕
