សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារប្រឆាំងនឹងទីតាំងនានាដែលមានទំនាក់ទំនងជាមួយចលនា ឧទ្ទាម ហ៊ួទី (Houthi) ក្នុងប្រទេសយេម៉ែន ជាលើកដំបូងនៅក្នុងប្រទេសនេះ ចាប់តាំងពីក្រុមគាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានចាប់ផ្តើមដាក់គោលដៅលើនាវាដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហមកាលពីចុងឆ្នាំមុន។

ខណៈសាក្សីនៅក្នុងប្រទេសយេម៉ែនបានបញ្ជាក់ពីការផ្ទុះនៅទូទាំងប្រទេសទៅកាន់សារព័ត៌មាន Reuters លោកប្រធានាធិបតី Joe Biden បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថាលោកនឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តសកម្មភាពបន្ថែមទៀតប្រសិនបើចាំបាច់។

លោក Biden បាននិយាយថា ការវាយប្រហារដែលបានដាក់គោលដៅទាំងនេះ គឺជាសារច្បាស់លាស់ដែលថា សហរដ្ឋអាមេរិក និងដៃគូរបស់យើង នឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើមនុស្សរបស់យើង ឬអនុញ្ញាតឱ្យតួអង្គអរិភាព ប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍ឡើយ ។
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចង្អុលបង្ហាញដំបូងគឺ ថាសមត្ថភាពរបស់ក្រុមហ៊ួទី ក្នុងការគំរាមកំហែងការដឹកជញ្ជូនទំនិញបានធ្លាក់ចុះហើយ។

ចំណែកមន្ត្រី ក្រុមហ៊ួទី មួយរូប បានបញ្ជាក់ ពីការវាយឆ្មក់នានា នៅក្នុងរដ្ឋធានី សាណា (Sanaa) រួមទាំងទីក្រុង សាដា (Saada) និងទីក្រុង ដាម៉ា (Dhamar) ក៏ដូចជានៅក្នុងទីក្រុង ហូដេដា (Hodeidah) ដោយហៅការវាយប្រហារទាំងនោះថាជា ការឈ្លានពានរបស់អាមេរិក និងពួកជ្វីហ្វអង់គ្លេស(American-Zionist-British)។
ការវាយប្រហារដែលកំពុងបន្តគឺជាការវាយឆ្មក់មួយក្នុងចំណោមការវាយឆ្មក់ដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្នកើតចេញពីការរីករាលដាលសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅមជ្ឈិមបូព៌ាចាប់តាំងពីការផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ៕