មន្ត្រីចារកម្មអាមេរិក និយាយថា មានលទ្ធភាពដែលក្រុមភេរវករហេសបូឡា នៅក្នុងប្រទេសលីបង់ នឹងកំណត់គោលដៅលើជនជាតិអាមេរិក នៅមជ្ឈិមបូព៌ា ឬ នៅអាមេរិកដីគោក។

អាជ្ញាធរអាមេរិក បានព្រមានពីហានិភ័យនៃការវាយប្រហារភេរវកម្មកាន់តែខ្លាំងឡើង ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស។ យោងតាមរបាយការណ៍របស់សារព័ត៌មាន Politico បានឲ្យដឹងថា ក្រុមហេសបូឡា បានចាប់ផ្តើមដើរតួយ៉ាងសំខាន់ នៅក្នុងជម្លោះ ដែលនាំឲ្យមានលទ្ធភាពនៃការវាយប្រហារដ៏ធ្ងន់ធ្ងរ។

មន្ត្រីចារកម្មអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាននេះថា៖«ក្រុមហេសបូឡា អាចទាញពីសមត្ថភាពដែលពួកគេមាន ...ដើម្បីដាក់មនុស្សនៅតាមកន្លែងមួយចំនួន ឲ្យធ្វើអ្វីមួយ» ។ «នេះជាអ្វីដែលត្រូវព្រួយបារម្ភ»។
អ៊ីស្រាអែល និងក្រុមហេសបូឡា បានចំណាយពេលចូលឆ្នាំថ្មីគំរាមកំហែងគ្នាទៅវិញទៅមកអំពីសង្គ្រាមកាន់តែធំឡើង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រទេសរបស់លោក មិនស្វែងរកសង្រ្គាមជាមួយក្រុមហេបូឡា នោះទេ ប៉ុន្តែវានឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាសុវត្ថិភាពរបស់អ៊ីស្រាអែល។
លោកណេតាន់យ៉ាហ៊ូ បាននិយាយនៅពេលទៅសួរសុខទុក្ខទាហាននៅព្រំដែនភាគខាងជើងថា៖«ក្រុមហេសបូឡា បានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះពួកយើងក្នុងឆ្នាំ ២០០៦ ហើយកំពុងធ្វើម្តងទៀតឥឡូវនេះ។ វាមើលឃើញថា នៅទីនេះ អំណាចដ៏ធំសម្បើម ការរួបរួមជាតិ និងការប្តេជ្ញាចិត្ត ដើម្បីធ្វើអ្វីដែលចាំបាច់ដើម្បីនាំយកសន្តិសុខមកភាគខាងជើងវិញ ហើយខ្ញុំសូមប្រាប់អ្នកថា នេះគឺជាគោលនយោបាយរបស់ខ្ញុំ»។