ក្រុមសេរីភាពសារព័ត៌មានឈានមុខគេ និងអង្គការសិទ្ធិមនុស្ស បានអំពាវនាវឲ្យលោកចូ បៃដិន ( Joe Biden) ធ្វើការបន្ថែមទៀត ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យ «គោរពតាមច្បាប់អន្តរជាតិ» ចំពេលមានការចោទប្រកាន់ថា យោធារបស់ខ្លួន កំពុងកំណត់គោលដៅលើអ្នកកាសែត នៅក្នុងសង្រ្គាមហ្កាហ្សា និងបានសម្លាប់ពួកគេ។

គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) អង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការ Freedom House និងក្រុមផ្សេងទៀត បាននិយាយនៅក្នុងលិខិតមួយផ្ញើជូនលោកប្រធានាធិបតីអាមេរិកថា បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន ត្រូវបានសម្លាប់ នៅក្នុងជម្លោះ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ជាងនៅក្នុងប្រទេសតែមួយ ក្នុងរយៈពេលពេញមួយឆ្នាំទៅទៀត។

គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) គណនាថា អ្នកកាសែតយ៉ាងហោចណាស់ ៧៩នាក់ បានស្លាប់ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីន និងស្ទើរតែទាំងអស់នៅក្នុងដៃរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទោះបីជាអ្នកយកព័ត៌មានអ៊ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារឆ្លងព្រំដែនរបស់ហាម៉ាសក៏ដោយ។

លិខិតនោះ បានឲ្យដឹងថា៖ «ថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក មិនបានឃើញភ័ស្តុតាងណាមួយដែលថា អ៊ីស្រាអែលកំពុងកំណត់គោលដៅអ្នកកាសែតដោយចេតនានោះទេ»។
ប៉ុន្តែក្រុមនេះបានកត់សម្គាល់ «របាយការណ៍គួរឲ្យទុកចិត្ត» ដោយអង្គការសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយដែលថា យោធាអ៊ីស្រាអែលទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកកាសែតជាច្រើននាក់ រួមទាំង «ចេតនាកំណត់គោលដៅលើរថយន្តដែលអ្នកកាសែតកំពុងធ្វើដំណើរ កាលពីថ្ងៃទី៧ ខែមករា ដោយបានសម្លាប់អ្នកកាសែតពីរនាក់ និងរបួសធ្ងន់ម្នាក់។