ក្រុមឃ្លាំមើលបាននិយាយថា ចំនួនជនស៊ីវិលស្លាប់នៅតំបន់ហ្កាហ្សា ស្ថិតក្នុងកម្រិតមួយមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ខណៈអ៊ីស្រាអែលបន្តវាយសន្ធាប់លើតំបន់ឆ្នេររងការឡោមព័ទ្ធអស់រយៈពេលជាង៣ ខែ ក្នុងសង្រ្គាមនេះ។

អង្គការសប្បុរសធម៌ Oxfam ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់ជនជាតិប៉ាឡេស្ទីននៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាគឺលើសពីជម្លោះធំផ្សេងទៀតនៅក្នុងសតវត្សទី ២១នេះ ខណៈអ្នករស់រានមានជីវិតនៅតែប្រឈមហានិភ័យខ្ពស់ដោយសារតែភាពអត់ឃ្លាន ជំងឺផ្សេងៗ និងផ្តាសាយ ស្របពេលអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែក និងសង្រ្គាមថ្មើរជើង ។

អង្គការ Oxfam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់អ៊ីស្រាអែលកំពុងសម្លាប់ប្រជាជនប៉ាឡេស្ទីនក្នុងអត្រាជាមធ្យម២៥០នាក់ក្នុងមួយថ្ងៃ បរិមាណនេះលើសពីចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៃជម្លោះធំៗផ្សេងទៀតនៃឆ្នាំថ្មីៗនេះ ។

សម្រាប់ការប្រៀបធៀប អង្គការសប្បុរសធម៌មួយនេះ បានផ្តល់បញ្ជីនៃការស្លាប់ជាមធ្យមក្នុងមួយថ្ងៃនៅក្នុងជម្លោះផ្សេងទៀតចាប់តាំងពីឈានចូលសតវត្សនេះ គឺ ៩៦,៥ នៅស៊ីរី ៥១,៦ នៅស៊ូដង់ ៥០,៨ នៅអ៊ីរ៉ាក់ ៤៣,៩ នៅអ៊ុយក្រែន ២៣,៨. នៅអាហ្វហ្គានីស្ថាន និង ១៥,៨ នៅយេម៉ែន។
អង្គការ Oxfam ដដែល បាននិយាយថា វិបត្តិនេះត្រូវបានដាក់បន្ទុកបន្ថែមដោយការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការចូលទៅកាន់តំបន់ហ្កាហ្សា ដែលមានតែ១០ ភាគរយនៃជំនួយអាហារចាំបាច់ប្រចាំសប្តាហ៍។បញ្ហានេះបង្កហានិភ័យធ្ងន់ធ្ងរនៃភាពអត់ឃ្លានសម្រាប់អ្នកដែលរួចរស់ជីវិតពីការទម្លាក់គ្រាប់បែកឥតឈប់ឈរ៕