ភ្នំពេញ÷ ផ្លូវក្រាលដីល្បាយក្រួសស្តារឡើងវិញ ចំនួនពីរខ្សែ ប្រវែង ១០ គីឡូម៉ែត្រ ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ប្រវែងជាង ៤ គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង, ដែលស្ថាបនាឡើងវិញរួចរាល់ ត្រូវបានសមាជិកគណៈកម្មាធិការលទ្ធកម្ម បាន ឯកភាពទាំងស្រុង បច្ចុប្បន្នផ្លូវទាំងនោះកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ-ប្រគល់ទទួល លើការងារស្តារឡើងវិញ ផ្លូវចំនួន ៣ ខ្សែ, ក្នុងនោះផ្លូវចំនួន ១ ខ្សែ ប្រវែង ៤ ពាន់ម៉ែត្រ, ទទឹង ៥ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, ស្ថាបនាលូមូល មុខពីរចំនួន ១ កន្លែង, លូមូល មុខមួយចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១ កន្លែង ស្ថិតនៅពីភូមិសំរ៉ង់ ទៅភូមិចឹង ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកផ្លូវ ១ ខ្សែផ្សេងទៀត ប្រវែង ៦ ពាន់ម៉ែត្រ ទទឹង ៦ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, ស្ថិតនៅភូមិព្រែកជរ និងភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ដោយឡែក ការងារស្តារឡើងវិញ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ, ប្រវែងជាង ៤ ពាន់ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, លើខ្សែផ្លូវ ប្រវែងជាង ២៤ពាន់ម៉ែត្រ, ស្ថិតនៅឃុំស្វាយឃុំត្បែងខ្ពស់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង, ដោយផ្លូវទាំងបីខ្សែ ខាងនេះ ស្ថាបនារួចរាល់ និងត្រូវបានគណៈកម្មាធិការលទ្ធកម្ម វាយតម្លៃ និងឯកភាពទាំងស្រុង ស្ថិតក្រោមការអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ទាក់ទងផ្លូវខាងលើនេះ, ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ ស្តារផ្លូវនេះឡើងវិញបានល្អប្រសើរ ដែលបាន អនុវត្តទៅតាមផែនការ និងប្រកបដោយគុណភាព, ក្នុងនោះ ឯកឧត្តម បានសំណូមពរដល់អ្នកទទួលការ ធ្វើការត្រួតពិនិត្យលើការងារ ស្តារឡើងវិញឲ្យបានល្អ ក្នុងរយៈពេល ៦ ខែ បន្តទៀត ទៅតាមកិច្ចសន្យា, ហើយត្រូវចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមថែទាំផ្លូវនេះ និងមានការយាមកាមឲ្យបានហ្មត់ចត់ ចៀសវាងរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរលើផ្លូវ ធ្វើ យ៉ាងណារក្សាផ្លូវទាំងនោះឲ្យបានគង់វង្ស យូរអង្វែង និងត្រូវចាត់ទុកផ្លូវនេះជារបស់ពួកគាត់ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ដោយ រាជរដ្ឋាភិបាលមិនថាអាណត្តិមុន ឬក្នុងអាណត្តិថ្មីនេះឡើយ គឺបានចំណាយថវិកាដ៏ច្រើន ព្រោះរាជរដ្ឋាភិបាលបានចាត់ទុកផ្លូវ គឺជា សរសៃរឈាមនៃសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី







